បន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៤នាក់ ធ្វើសកម្មភាពចាប់បុរសម្នាក់ដាក់ក្នុងរថយន្ត ហើយបើករត់គេច កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៧ នៅត្រង់ចំណុចកន្លែង ប៉ះកង់ឡាន ស្ថិតភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបើករត់គេច បង្កឱ្យភ្ញាក់ផ្អើល កម្លាំងស្នងការខេត្ត កម្លាំងក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ តាមស្ទាក់ ទីបំផុតនៅវេលាម៉ោង១១និង១៧នាទីយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចស្នងការខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់ឃាត់បានរថយន្តតាមភិនភាគមុខសញ្ញា ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រំដោះជនរងគ្រោះម្នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៦អា ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៤នាក់ ៖ ទី១ ឈ្មោះ ចយ សាទី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ គោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបររថយន្ត ។ ទី២ ឈ្មោះ ធី ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទី៣ ឈ្មោះ រ៉ម សិរីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ព្រៃកុប សង្កាត់ផ្សារអូឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទី៤ ឈ្មោះ ឆុន សុភិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ Chen Noeuysin ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។ សមត្ថកិច្ចដកហូតរថយន្ត០គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF-1922។

តាមប្រភពបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត នៅចំណុចភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ហើយបើករត់គេចទៅបាត់ បង្កឱ្យផ្អើលឆោឡោ សមត្ថកិច្ចសហការតាមស្ទាក់ រហូតចាប់ឃាត់បាន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យបាន ន៨ងរំដោះជនរងគ្រោះ ទាំងរថយន្ត បានប្រគល់ឱ្យទៅខាងស្នងការខេត្តត្បូងឃ្មុំ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.