កាលពីថ្ងៃអាទិត្យទី១២ ខែតុលា សារព័ត៌មានដ៏ធំ និងមានប្រជាប្រិយមួយរបស់ថៃ មានឈ្មោះថា Khaosod បានចេញផ្សាយដំណឹងថា ស្ត្រីជាម្ដាយម្នាក់កំពុងទួញសោក និងអំពាវនាវឱ្យមានការជួយអន្តរាគមន៍កូនប្រុសរបស់ខ្លួនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ខេត្តក្រចេះ ប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រោយពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ លើករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយបំភ្លឺថា «មិនមានករណី ដូចការលើកឡើងខាងលើនេះទេ»។

ចំពោះខ្លឹមសារដើមទាំងស្រុង ដែលសារព័ត៌មានថៃបានចេញផ្សាយបណ្ដាលឱ្យមានការភាន់ច្រឡំពីសាធារណៈមតិ ពិសេសជនជាតិថៃនោះមានដូចតទៅ៖ ម្ដាយម្នាក់យំសោក និងបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយឱ្យជួយអន្តរាគមន៍ បន្ទាប់ពីកូនប្រុសរបស់គាត់ដែលជាអ្នកធ្វើការងារសរសេរកម្មវិធី (Programmer) នៅទីក្រុងបាងកក ត្រូវបានក្រុមជនជាតិចិនបោកបញ្ឆោតនាំយកទៅប្រទេសកម្ពុជា រហូតត្រូវចាប់ឃុំខ្លួននៅក្នុងពន្ធនាគារនៅ ខេត្តក្រចេះ។ ម្ដាយរូបនេះបានបង្ហើបថា ជនជាតិថៃប្រមាណ ៨០ នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនោះ ហើយមិនទាន់មានជំនួយណាមួយត្រូវបានផ្តល់ឲ្យពួកគេនៅឡើយទេ។
ចំណែកភាគីកម្ពុជាបានអះអាងថា ខ្លួន មិនបានទទួលការសម្របសម្រួល (ឬការជូនដំណឹង) ពីស្ថាប័នថៃឡើយ ដូច្នេះហើយទើបមិនអាចដោះលែងពួកគេបាន។ ការចុះផ្សាយទាំងមិនបានឈ្វេងយល់ពីការពិត ដោយប្រើត្រឹមក្រដាសមួយសន្លឹកមកចោទប្រកាន់លើប្រទេសកម្ពុជា ថាបានចាប់ឃុំឃាំងជនជាតិថៃរហូតជិត ១០០នាក់នេះ គឺជាការចោទប្រកាន់មួយធ្ងន់ធ្ងរនិងបង្កឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងមានចរិតលាបពណ៌ដើម្បីបង្កាច់បង្ខូចប្រទេសកម្ពុជា។
ដូច្នេះសូមប្រជាពលរដ្ឋកម្ពុជា ដែលចេះភាសាថៃ ឬអាចប្រើប្រាស់ភាសាថៃ មុននឹងចេញផ្សាយដំណឹងពីកាសែតមួយនេះ ត្រូវមានសុភវិនិច្ឆ័យ និងត្រូវប្រាកដពីប្រទេសកម្ពុជាសិន ចៀសវាងក្លាយជាឧបករណ៍បម្រើឱ្យការផ្សាយព័ត៌មានក្លែងក្លាយ និងបង្កប់ដោយការញុះញង់ពីសំណាក់ស្ថាប័នសារព័ត៌មានថៃ៕

