មើលលើការចេញផ្សាយរបស់សារព័ត៌មានថៃ បានបញ្ជាក់ថា មេបញ្ជាការកងទ័ពភូមិភាគទី ២ ថៃដែលទើបតែឡើងតំណែងថ្មីថ្មោងនេះ បានចោទមកលើយោធាកម្ពុជាទាំងគ្មានមូលដ្ឋានច្បាស់លាស់ថា លោកមិនព្រងើយកន្តើយចំពោះករណីទាហានកម្ពុជារើលួសបន្លារបស់ថៃឡើយនោះ និងផ្ដាំប្រជាពលរដ្ឋថៃកុំឱ្យភិតភ័យ ព្រោះលោកនឹងចាត់កម្លាំងជំនាញដោះមីនទៅសម្អាតតំបន់មុនសិន បន្ទាប់មកដាក់រាយលួសបន្លាថ្មីថែមទៀត។

ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ វីរៈយុទ្ធ រ៉ាក់សិល្ប៍ ដែលជាមេបញ្ជាការកងទ័ពភូមិភាគទី ២ បានថ្លែងអំពីករណីទាហានកម្ពុជាចូលរើរបងលួសបន្លារបស់ថៃទាំងងើលថា លោកចង់បំភ្លឺឱ្យប្រជាជនថៃបានយល់ថា លោកមិនមានការព្រងើយកន្តើយចំពោះបញ្ហានេះទេ ប៉ុន្តែក៏មិនទាន់អាចបញ្ជូនទាហានឱ្យទៅដាក់របងលួសបន្លាថ្មីបាននៅឡើយដែរ ដោយសារតែត្រូវបញ្ជូនមន្ត្រីជំនាញ EOD ចូលទៅd:សម្អាតតំបន់នោះជាមុនសិន។
ឧត្តមសេនីយ៍ទោ វីរៈយុទ្ធ បានបន្តថា លោកបានបញ្ជាឱ្យទាហានចូលទៅអនុវត្តរួចហើយ តែនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ព្រោះតែកងទ័ពថៃមានការបារម្ភថា ទាហានកម្ពុជាអាចនឹងដាក់បង្កប់គ្រាប់មីនថ្មីដែលនឹងបង្កគ្រោះថ្នាក់ដល់កងកម្លាំងយោធា។ ក្រៅពីនោះវាអាចជាផែនការបំភាន់ភ្នែកតាមរយៈថតឃ្លីបវីដេអូយកទៅបង្ហោះក្នុងបណ្ដាញសង្គម ដើម្បីចោទប្រកាន់មកលើទាហានថៃតែម្ដង ថាមេទាហានថៃបានជំរុញឱ្យកូនទាហានថៃប្រញាប់ប្រញាល់ចូលទៅរាយបន្លាលួសថ្មីដែលសម្អាតមីនរួច។
យ៉ាងណាមិញ មេភូមិភាគ២ថៃស្ទើរភ្លើងរូបនេះបញ្ជាក់ថា ប្រសិនបើមន្ត្រីជំនាញដោះមីនបានពិនិត្យមើលតំបន់នោះនិងរកឃើញថាមានសុវត្ថិភាពពិតប្រាកដនោះ លោកនឹងអនុញ្ញាតឱ្យកូនទាហានចូលទៅរាយលួសបន្លានៅទីតាំងនោះភ្លាម។ លើសពីនេះមេទ័ពស្ទើរភ្លើងរូបនេះក៏បានសង្កត់ធ្ងន់ថា បើសិនជាប្រទះឃើញទាហានកម្ពុជាចូលមកវាយកម្ទេចរបងលួសបន្លាទៀតនោះ ភ្លាមៗត្រូវអនុវត្តតាមវិធានការដែលបានដាក់ចុះមិនរង់ចាំយូរ។
ការចោទប្រកាន់មកលើយោធាកម្ពុជាទាំងគ្មានមូលដ្ឋានច្បាស់លាស់ និងមានតែរូបមួយសន្លឹកយកមកប្រឌិតផ្សព្វផ្សាយបង្ខូចឈ្មោះកម្ពុជា គឺមិនខុសអីពីករណីថ្មីៗនេះដែលសារព័ត៌មានថៃបានចោទកម្ពុជាពីថាមានជនជាតិថៃដល់ជិត ១០០ នាក់ជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជានាខេត្តក្រចេះទាំងដែលការស៊ើបអង្កេតពិតប្រាកដគ្មានដូចអ្វីដែលថៃចេះតែចោទនេះទេ៕

