ភ្នំពេញ៖ ការលើកឡើងថ្មីៗនេះ របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អំពីការស្នើសុំគោលការណ៍ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្នុងរាជធានីភ្នំពេញ បានបង្កការចាប់អារម្មណ៍ និងការវែកញែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម។

អ្នកលេងបណ្តាញសង្គមមួយចំនួន បានស្នើឲ្យផ្អាកការអនុវត្តច្បាប់ជាបណ្តោះអាសន្ន ដោយអះអាងថា ស្ថានភាពប្រទេសជាតិនៅតាមព្រំដែនហាក់មិនទាន់មានស្ថិរភាពនៅឡើយ។ ហើយខ្លះទៀតបានស្នើពិនិត្យមើលពីសីលធម៌មន្រ្តីនគរបាលចរាចរណ៍មួយចំនួនឡើងវិញ និងស្នើសូមត្រឹមសម្រួលចរាចរណ៍សិន កុំទាន់មានការផាកពិន័យ។ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត ដែលបានគាំទ្រគំនិតរបស់ស្នងការនគរបាលរាជធានី ដោយឲ្យហេតុផលថា វាជាចំណុចសំខាន់ក្នុងការការពារជីវិត និងសុវត្ថិភាពរបស់អ្នកប្រើផ្លូវ។
តាមប្រសាសន៍ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ត្រឹមតែរយៈពេល០៣ខែប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ បានឆក់យកអាយុជីវិតមនុស្សរហូតទៅដល់៧៧នាក់ ចំនួននេះគឺជាអត្រាព្រួយបារម្ភខ្ពស់មួយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលនគរបាលចាំបាច់ត្រូវពង្រឹងវិធានទប់ស្កាត់ឡើងវិញ។


លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានបន្ថែមថា ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ គឺជាឱកាសសម្រាប់កែលម្អការងារ និងបង្កើនប្រសិទ្ធភាពកងកម្លាំងអនុវត្តច្បាប់ឲ្យកាន់តែប្រសើរឡើង៕

