ភ្នំពេញ៖ កងកម្លាំងទ័ពពិសេស ៩១១ បានចុះជួយស្រាវជ្រាវ និងរកឃើញសពបុរសម្នាក់ បាត់ខ្លួនរយៈពេល ២ ថ្ងៃ បន្ទាប់ពីធ្លាក់ចូលប្រឡាយទឹកស្អុយជាមួយនារីសង្សា កាលពីយប់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥។

ការស្រាវជ្រាវរកសពបានបញ្ចប់នៅវេលាម៉ោង ៧ និង ២០ នាទីយប់ ថ្ងៃទី ១៣ តុលា ដោយកងកម្លាំងទ័ពពិសេស ៩១១ បានរកឃើញសពបុរសរងគ្រោះនៅក្នុងប្រឡាយទឹកស្អុយតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ វុទ្ធ សំណាង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរអ្នកចងការប្រាក់ រស់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សពនារីដែលជាមិត្តស្រីរបស់ជនរងគ្រោះ ត្រូវបានប្រទះឃើញជាមុននៅវេលាម៉ោង ០២ និង ២៦ នាទីព្រឹក ថ្ងៃទី ១២ តុលា ក្នុងប្រឡាយទឹកស្អុយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ នាងមានឈ្មោះ សែម ស្រីអូន ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ រស់នៅផ្ទះលេខ ១១០ ផ្លូវលេខ ៩២ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមការបំភ្លឺរបស់មិត្តភក្តិជនរងគ្រោះ ឈ្មោះ សួស សំអូន បានឲ្យដឹងថា នៅយប់ថ្ងៃទី ១០ ខែតុលា ជនរងគ្រោះ និងសង្សា បានផឹកស៊ីជាមួយគ្នានៅហាងម្ដុំទួលពង្រ ហើយបន្តទៅក្លឹប DOT ក្នុងឱកាសខួបកំណើតនារី។ បន្ទាប់ពីផឹកដល់ម៉ោង ៤ ទាបភ្លឺ ពួកគេបានចេញមកវិញក្នុងស្ថានភាពស្រវឹង។ ក្នុងអំឡុងផ្លូវ មានភ្លៀងធ្លាក់ខ្លាំង រថយន្តបានជ្រុះកាងច្រើនដង ហើយបន្ទាប់មកមិត្តភក្តិបានឈប់រថយន្តនៅចិញ្ចើមផ្លូវ ដើម្បីកែសម្ភារៈ ប៉ុន្តែពេលត្រឡប់ចូលវិញ មិនឃើញទាំងវុទ្ធ សំណាង និង ស្រីអូន នៅក្នុងរថយន្តទៀតឡើយ។

បន្ទាប់ពីស្វែងរកមិនឃើញ បានជូនដំណឹងទៅក្រុមគ្រួសារ និងសមត្ថកិច្ចជួយស្រាវជ្រាវ។ រហូតដល់ព្រឹកថ្ងៃទី ១២ តុលា សាកសពនារីត្រូវបានប្រទះឃើញអណ្តែតក្នុងប្រឡាយទឹកស្អុយ ហើយនៅថ្ងៃទី ១៣ តុលា កងកម្លាំងទ័ពពិសេស ៩១១ ទើបរកឃើញសពបុរសជាសង្សារបស់នាង។ បើតាមប្រពន្ធជនរងគ្រោះ ឈ្មោះ សុខ សាឌី អាយុ ៣៣ ឆ្នាំ បានឲ្យដឹងថា ប្ដីនាងតែងចេញទៅផឹកស៊ីក្រៅផ្ទះជាញឹកញាប់ ហើយយប់ថ្ងៃកើតហេតុនោះ ក៏បានចេញទៅផឹកស៊ីក្រៅផ្ទះ ដោយមិនត្រឡប់មកវិញ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីបញ្ជាក់មូលហេតុពិតនៃការបាត់ខ្លួន និងស្លាប់របស់ជនរងគ្រោះទាំងពីរ។

អត្ថបទ÷សេង សាវី

Share.