ករណីអគ្គិភ័យឆាបឆេះ ២ កន្លែងនៅក្នុងប្រទេសថៃបង្កឱ្យភ្ញាក់ផ្អើលពេញបណ្ដាញសង្គម និងបណ្ដាសារព័ត៌មានថៃចុះផ្សព្វផ្សាយយ៉ាងព្រោងព្រាតពី ករណីរន្ទះបាញ់រោងចក្រផលិតប្លាស្ទិកនៅក្នុងខេត្ត ឈុនបុរី បង្កឱ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងករណីអគ្គិភ័យមួយកន្លែងទៀតនៅខេត្ត បៈធុមថានី ឆេះឃ្លាំងស្ដុកទំនិញអនឡាញចំនួន ៦ ខ្នងធំៗខាតបង់លុយជាង ៥០ លានបាត រីឯកម្មករភ័យរត់ស្លន់ស្លោរត់គេចខ្លួនបាត់អស់។

រន្ទៈបានបាញ់ចំរោងចក្រផលិតប្លាស្ទិកមួយកន្លែងនៅក្នុងខេត្ត ឈុនបុរី ប្រទេសថៃ បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកន្លែងផ្ទុកសម្ភារៈអគ្គនី និងជិតឃ្លាំងផ្ទុកប្រេង បណ្ដាលឱ្យកម្មករផ្អើលរត់គេចខ្លួនព្រាត ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់ភ្លើងអស់រយៈពេលជាច្រើនម៉ោងនៅមិនទាន់អាពន្លត់ភ្លើងបាន ដោយសារតែរោងចក្រមានស្តុកទុកទៅដោយប្លាស្ទិកដែលងាយឆាបឆេះ។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានថៃនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ហេតុការណ៍ខាងលើមិនមានអ្នករងរបួសនិងបាត់បង់ជីវិតនោះទេ។

មួយករណីទៀតគឺអគ្គិភ័យឆេះបំផ្លាញឃ្លាំងស្តុកទំនិញអនឡាញចំនួន ៦ ខ្នង បណ្ដាលឱ្យកម្មករភ័យស្លន់ស្លោរត់គេចខ្លួន និងខូចខាតបង់លុយអស់ជាង ៥០ លានបាត។ ហេតុកាណ៍នេះកើតឡើងយ៉ាងភ្ញាក់ផ្អើលនៅម៉ោង ១៥:០០ នាទី ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥ នៅម្ដុំឃ្លាំងស្តុកទំនិញ ៤០ ខ្នងក្នុងខេត្ត បៈធុមថានី។ ដំបូងឡើយ ភ្លើងបានឆាបឆេះខ្លាំងចេញពីឃ្លាំងស្តុកទំនិញដែលមានប្រអប់ក្រដាស់ខ្ចប់អីវ៉ាន់ជាច្រើនគំនរ ហើយក៏បន្តរាលដាលឆេះឃ្លាំងជាប់គ្នានោះអស់ ៥ ខ្នងទៀត។ ហេតុការណ៍នេះប្រើពេលអស់ជាង ៣ ម៉ោងទើបអាចពន្លត់ភ្លើងបាន ដោយគ្មានអ្នករងរបួស និងបាត់បង់ជីវិតនៅកន្លែងកើតហេតុនោះទេ៕

