ភ្នំពេញ៖ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អង្គភាព CMAC ក្នុងការបន្តជំរុញកិច្ចប្រតិបត្តិការស្វែងរក និងស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXOs) និងសំណល់នាវាលិចដែលកប់នៅបាតទន្លេមេគង្គ។

កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងក្នុងគោលបំណងចម្បងដើម្បីចូលរួមលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ បន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាលនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់បានបញ្ចប់អស់ជាច្រើនទសវត្សរ៍មកហើយ។

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការដ៏សំខាន់នេះបាននឹងកំពុងដំណើរការទៅមុខជាបន្តបន្ទាប់ បើទោះបីជាបានជួបប្រទះនូវឧបសគ្គបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងពេលនៃការអនុវត្តជាក់ស្តែងនៅបាតទន្លេក៏ដោយ។

សូមជម្រាបថា ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសនៅក្នុងតំបន់ទន្លេមេគង្គ មិនត្រឹមតែជាការងាររក្សាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ការដឹកជញ្ជូន និងធានាសុវត្ថិភាពចរាចរណ៍នាវាចរណ៍នៅតាមដងទន្លេមួយនេះផងដែរ៕

Share.