ធុង​សំរាម​ប្រមាណ​ជាង ២៤០០ ធុង បាន​ដឹក​ទៅ​ដល់​សាលាខេត្ត និង​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​តុលា ម្សិលមិញ​។

ធុង​សំរាម​ទាំង​នេះ នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​តាម​សាលារៀន វត្តអារាម មន្ទីរពេទ្យ និង​ទី​សាធារណៈ​គោល​ដៅ​នានា​ក្នុង​មូលដ្ឋាន ដើម្បី​បង្កើន​ចំណេះ​ដឹង​អំពី​ការ​ប្រមូល​ទុក​ដាក់​សំរាម ឱ្យ​បាន​ត្រឹម​ត្រូវ ជា​ពិសេស​ការ​ប្រមូល​ទុក​ដាក់​សំណល់​ប្លាស្ទិក ក្នុង​ធុង គ្រប់គ្រង​ឱ្យ​បាន​ល្អ ងាយ​ស្រួល​កែច្នៃ​ឡើង​វិញ ឬ​ដុត​ចោល​នៅ​ក្នុង​ឡ​ដុត​សំរាម ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯក ឧត្តម អ៊ាន សុផល្លែត លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពិធី​ប្រកាស​បែងចែក​ធុង​សំរាម​ទៅ​ឲ្យ​ខេត្ត​ចំនួន​៦​ កាលពីថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ។

នៅ​អំឡុង​ពេល​ប្រគល់​ធុង​សំរាម​ឲ្យ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​រៀបចំ​ប្រគល់​ធុងសំរាម​ជូន​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​នា​ពេល​នេះ ដើម្បី​បន្ត​ធ្វើ​ឱ្យ​បរិស្ថាន​ស្អាត ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ និង​ចូលរួម​ជំរុញ​ភាព​ស្អាត​នៅ​កម្ពុជា តាម​រយៈ​ការ​បង្កើន​ចំណេះដឹង លើ​ការ​ទុកដាក់​សំរាម​ឱ្យ​ត្រឹមត្រូវ ដែល​មិន​ត្រឹម​តែ​ផ្ដល់​ផលប្រយោជន៍​ដល់​បុគ្គល គ្រួសារ និង​ដល់​សង្គមជាតិ​យើង​ផង​ដែរ​។ ឥឡូវ​នេះ​សំរាម និង​សំណល់​ប្លាស្ទិក​ត្រូវ​បាន​ដោះស្រាយ និង​រៀបចំ​បាន​ស្អាត​ជា​បណ្តើរៗ តាម​រយៈ​យុទ្ធនាការ​នានា ផ្ដើម​ចេញ​ពី​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ដែល​បាន​បង្កើត​ឡើង​អនុលោម​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី​១ និង​ការ​ដឹកនាំ​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ខេត្ត​ពោធិ៍សាត់ ដែល​ទទួល​បាន​ធុង​សំរាម​ចំនួន ២ ៤៥៤ ធុង ខេត្ត​ចំនួន​៥​ផ្សេង​ទៀត​រួមមាន ខេត្ត​ត្បូងឃ្មុំ​ទទួល​បាន​ចំនួន ៣ ៤០៥ ខេត្ត​ព្រះសីហនុ​ចំនួន ៨២៨ ធុង ខេត្ត​កោះកុង​ចំនួន ៩៣៩ ធុង ខេត្ត​កំពត​ចំនួន ២ ៣៥៨ ធុង និង​ខេត្ត​កែប​ចំនួន ១៥០ ធុង​។ ជា​មួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​នឹង​បន្ត​ចែក​ជូន​ចំនួន ៣ ធុង​សំរាម ដល់​គ្រប់​សាលារៀន មណ្ឌល​សុខភាព និង​វត្តអារាម​។

សូម​ជម្រាប​ថា ក្រសួង​បរិស្ថាន បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចំនួន ៣ ជា​បន្តបន្ទាប់ ដើម្បី​ភាព​ស្អាត កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក និង​សំរាម​បញ្ចេញ​ទៅ​ទីលាន ការ​រៀបចំ​ឱ្យ​មូលដ្ឋាន​ស្អាត និង​ជា​ពិសេស​តាម​ដង​ផ្លូវ​ជាតិ​ស្អាត គ្មាន​សំរាម និង​សំណល់​ប្លាស្ទិក​រាយប៉ាយ តាម​យុទ្ធនាការ​ប្ដេជ្ញា​ចិត្ត​ដោយ​ភាព​ស្អាត​ក្នុង​ខ្លួន ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ ថង់​ប្លាស្ទិក​ទេ​» ដែល​មាន​អ្នក​ចូល​រួម​ជាង ១៣ លាន​នាក់ ទី​២​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៧ លាន​នាក់ និង​ទី ៣ យុទ្ធនាការ​សម្អាត​ផ្លូវជាតិ ក្រោម​ប្រធានបទ « ផ្លូវ​ជាតិ​គ្មាន​សំរាម និង​សំណល់​ប្លាស្ទិក​» ដោយ​យុទ្ធនាការ​ទាំង​៣​នេះ មាន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កង​កម្លាំង​ប្រដាប់​អាវុធ ព្រះសង្ឃ យុវជនកម្ពុជា បណ្តាញ​អង្គការ សមាគម សង្គម​ស៊ីវិល ផ្នែក​ឯកជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង​ប្រជាពលរដ្ឋ​ចូលរួម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​៕

Share.