សៀមរាប÷ កម្លាំងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត យកម៉ូតូអ្នកដទៃ។ បន្ទាប់ពីទទួលបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ នៅម៉ោង ០៩ៈ៥៨នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។


ករណីនេះបានកើតឡើងនៅហាងមួយ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈដែលជនសង្ស័យបានសុំខ្ចីម៉ូតូម៉ាក CBR Honda ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខ បន្ទាយមានជ័យ 1N-2700 ពីម្ចាស់ហាង ដោយអះអាងថា “ទៅទិញបាយហូប” ប៉ុន្តែបន្ទាប់មកបានជិះទៅបាត់ ដោយមិនយកម៉ូតូមកវិញ។
ក្រោយទទួលការជូនដំណឹង កម្លាំងជំនាញនៃអាវុធហត្ថខេត្ត និងក្រុងសៀមរាប បានចុះស្រាវជ្រាវ រហូតនៅម៉ោង ១៥ៈ៤០នាទី ថ្ងៃដូចគ្នា បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ២០ឆ្នាំ ព្រមទាំងរកឃើញម៉ូតូរបស់ជនរងគ្រោះ នៅលើផ្លូវបេតុង ភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ក្រោមការស៊ើបអង្កេត ជនសង្ស័យបានសារភាពថា ជាការពិតដែលខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះ និងក៏ទទួលសារភាពថា ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានណែនាំឲ្យម្ចាស់ធ្វើការផ្លាស់ប្តូរបំពង់ស៊ីម៉ាំង ដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន មុនប្រគល់ត្រឡប់វិញ។


ជាមួយគ្នា អាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងកុំទុកចិត្តលើអ្នកមិនស្គាល់ ងាយនាំឲ្យបាត់បង់ទ្រព្យសម្បត្តិ៕
អត្ថបទ៖ ចតុម្មុខ

