នៅសប្តាហ៍មុន​​ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសច្បាប់ថ្មីដ៏សំខាន់មួយនៅក្នុងសេចក្តីប្រកាសលេខ ៦២ សម្រាប់ឆ្នាំ ២០២៥ នេះ។ ឯកសារនេះមិនមែនគ្រាន់តែជាលិខិតរដ្ឋបាលធម្មតាៗនោះទេ ប៉ុន្តែជាក្រដាសរឹងដែលធ្វើឱ្យការដំឡើងពន្ធបដិការបស់សហរដ្ឋអាមេរិកចំពោះចិនមានភាពរង្គោះរង្គើជាខ្លាំង។

នៅក្នុងសេចក្ដីប្រកាសនោះបានលម្អិតអំពីការរឹតបន្តឹងជាថ្មីលើការនាំចេញ រ៉ែធាតុកម្រ វាបានបង្ហាញពីជំហានថ្មីរបស់ចិនក្នុងការក្តោបក្តាប់ការផ្គត់ផ្គង់ជាសកលនូវសារធាតុរ៉ែដ៏សំខាន់ទាំងនេះ ក៏ដូចជាបានរំលឹកដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យដឹងថា ចិនមានឥទ្ធិពលខ្លាំងប៉ុណ្ណានៅក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោកសព្វថ្ងៃនេះ។

យ៉ាងណាមិញ ចិន បានផ្តាច់មុខជិតទាំងស្រុងលើដំណើរការកែច្នៃធាតុកម្រទាំងនោះ ដែលជាសារធាតុសំខាន់សម្រាប់ផលិតវត្ថុទំនើបគ្រប់យ៉ាង ដោយរាប់ចាប់ពីទូរស័ព្ទស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង។ ច្បាប់ថ្មីនៃការរឹតបន្តឹងថ្មីនេះបញ្ជាក់ថា ក្រុមហ៊ុនបរទេសត្រូវតែទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិនជាមុនសិន ដើម្បីនាំចេញផលិតផលធាតុកម្រក្នុងបរិមាណតិចតួចបំផុត ហើយពួកគេត្រូវតែប្រកាសអំពីបំណងនៃការប្រើប្រាស់វាជាមុនដូចគ្នា។

ភាពរឹតបន្តឹងនេះគឺជាជាការឆ្លើយតបទៅកាន់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមដាក់បន្ថែមពន្ធបដិកា ១០០% ទៅលើទំនិញរបស់ចិន និងដាក់ការត្រួតពិនិត្យការនាំចេញលើកម្មវិធីបច្ចេកទេសសំខាន់ៗ។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចិនបាននិយាយថា សហរដ្ឋអាមេរិកបានសម្ដែងនូវចេតនាយល់ច្រឡំ និងភាពភ័យស្លន់ស្លោដែលមិនចាំបាច់ចំពោះការរឹតត្បិតធាតុកម្ររបស់ចិន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ដរាបណាពាក្យសុំអាជ្ញាប័ណ្ណនាំចេញអនុលោមតាមច្បាប់ និងមានគោលបំណងច្បាស់លាស់សម្រាប់ការប្រើប្រាស់ធាតុកម្រ នោះពួកគេនឹងអនុម័តភ្លាម។

គួរដឹងថា ធាតុកម្រទាំងនេះមានសារៈសំខាន់សម្រាប់ផលិតបច្ចេកវិទ្យាជាច្រើន ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ រថយន្តអគ្គិសនី និងជាពិសេសផលិតឧបករណ៍យោធា។ ជាក់ស្ដែងដូចជា យន្តហោះចម្បាំង F-35 មួយគ្រឿង ត្រូវបានប៉ាន់ស្មានថា ត្រូវការធាតុកម្រជាង ៤០០ គីឡូក្រាម ហើយក្នុងនោះធាតុកម្ររបស់ចិនមានប្រមាណ ៧០% នៃការផលិតផងដែរ។ នេះបើតាមការផ្សាយរបស់ BBC News៕

Share.