កំពង់ធំ÷ ឯកឧត្តម ម៉ាត់សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក និងឯកឧត្តម ងួន រាសី អភិបាលរងខេត្ត រៀបចំបច្ចេកទេស ស្តីពីគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ។ឯកឧត្តម-ងួនរាសី-អភិបាលរងខេត្តបានថ្លែងថាគម្រោងនេះមានគោលបំណងកែលម្អគុណភាពម្ហូបអាហារតាមដងផ្លូវនៅក្នុងខេត្តកំពង់ធំ ដោយផ្តោតលើការកែលម្អសុវត្ថិភាព និងអនាម័យអាហារ ជំរុញការអភិវឌ្ឍអាជីវកម្មម្ហូបអាហារតាមដងផ្លូវ និងបង្កើតគម្រោងគំរូសម្រាប់អាជីវកម្មម្ហូបអាហារតាមដងផ្លូវនៃខេត្តកំពង់ធំ។




គម្រោងនេះសំដៅបង្កើនភាពទាក់ទាញដល់ទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកទស្សនា និងរីករាយនឹងភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារតាមក្នុងខេត្តកំពង់ធំ។គួររំលឹកថា គម្រោងកែលម្អគុណភាពម្ហូបអាហារតាមដងផ្លូវ នៅខេត្តកំពង់ធំ គឺជាគម្រោងដែលទទួលបានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ធំ។

គម្រោងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ជាកម្មវិធីទី៤ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




សម្ដេចបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព បង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ ជាពិសេសសម្រាប់មុខរបររបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
អត្ថបទ÷កំពង់ធំ
