ម៉ានីល៖ អាជ្ញាធរហ្វីលីពីន និងមន្រ្តីគ្រោះមហន្ដរាយបាននិយាយថា ព្យុះត្រូពិក Fengshen បានសម្លាប់មនុស្ស ៥នាក់ក្នុងគ្រួសារមួយកាលពីថ្ងៃអាទិត្យ ខណៈព្យុះនេះបានបោកបក់ពាសពេញកោះ Luzon របស់ប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។

ប៉ូលិសហ្វីលីពីន បាននិយាយថា គ្រួសារខាងលើ រួមមានកុមារ២នាក់ ក្នុងនោះម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុត្រឹម ២ឆ្នាំ ត្រូវបានសង្កត់ស្លាប់ នៅពេលដើរឈើធំមួយដើម បានដួលរលំលើផ្ទះរបស់ពួកគេ កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា នេះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅភូមិមួយ ក្បែរក្រុង Pitogo ចម្ងាយប្រហែលជាង១៥០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីម៉ានីល នៅពេលព្យុះត្រូពិក Fengshen បានបោកបក់យ៉ាងខ្លាំងកាត់តំបន់ភាគអាគ្នេយ៍នៃកោះ Luzon កាលពីវេលាយប់កន្លងទៅ។


សេវាអាកាសធាតុរដ្ឋ បាននិយាយថា ព្យុះ Fengshen បានបោកបក់ពីលើឈូងសមុទ្រម៉ានីល កាលពីព្រឹកថ្ងៃអាទិត្យ ជាមួយកម្លាំងខ្យល់បក់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានត្រៀមវាយប្រហារខេត្តភាគខាងជើងនៃរដ្ឋធានីម៉ានីល។
មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៧,០០០នាក់បានចាកចេញពីផ្ទះរបស់ពួកគេ ហើយឆ្ពោះទៅកាន់ទីជម្រកបណ្តោះអាសន្នដែលកំណត់ដោយរដ្ឋាភិបាលនៅទូទាំងភាគអាគ្នេយ៍នៃទីក្រុង Luzon ចាប់តាំងពីថ្ងៃសៅរ៍ ខណៈដែលសេវាកម្មអាកាសធាតុបានព្រមានអំពីទឹកជំនន់នៅតាមឆ្នេរសមុទ្រ និងការបាក់ដីដែលអាចកើតមាន។


ការវាយប្រហារនៃព្យុះថ្មីខាងលើ គឺបន្ទាប់ពីហ្វីលីពីន ទើបតែរងគ្រោះរញ្ជួយដីជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សសរុបចូលគ្នាចំនួនយ៉ាងតិច៨៧នាក់ ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ។
គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ប្រទេសហ្វីលីពីន តែងទទួលរងការវាយប្រហារះត្រូពិក និងព្យុះទីហ្វុងជាមធ្យមយ៉ាងហោចចំនួន២០ ដោយបណ្ដាលឱ្យមានមនុស្សស្លាប់ ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងបណ្ដាលឱ្យមនុស្សរាប់លាននាក់រស់នៅក្នុងស្ថានភាពក្រីក្រលំបាក៕

