កំណើនជនជាតិកូរ៉េដែលបាត់ដំណឹងសូន្យឈឹងនៅប្រទេសថៃ កាន់តែមានចំនួនច្រើនឡើងៗគួរឱ្យជាទីបារម្ភដោយសារមានជាប់ពាក់ព័ន្ធការចាប់ជំរិត ការជួញដូរមនុស្ស និងការឆបោកអនឡាញជាប្រព័ន្ធ រហូតក្រុមគ្រួសារជាច្រើនបានដាក់ពាក្យបណ្តឹងបាត់សាច់ញាតិដោយពួកសង្ស័យថា សាច់ញាតិរបស់ពួកគេធ្លាក់ក្នុងកណ្ដាប់ដៃក្រុមឧក្រិដ្ឋជនដែលប្រើប្រាស់ប្រទេសថៃជាមូលដ្ឋាននៃការបោកប្រាស់។ នេះបើតាមការផ្សព្វផ្សាយពីបណ្ដាសារព័ត៌មានកូរ៉េនាពេលថ្មីៗនេះ។

តាមសារព័ត៌មាន SBS របស់សាធារណរដ្ឋកូរ៉េបានចេញផ្សាយថា យ៉ាងហោចណាស់មានជនជាតិកូរ៉េប្រហែល ៥៣,០០០ នាក់ត្រូវបានចាប់ខ្លួន ឬពាក់ព័ន្ធករណីផ្សេងទៀត ក្នុងប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរតាមតំបន់នីមួយៗ ហើយមានការព្រមានអំពីបណ្តាញឧក្រិដ្ឋកម្មដ៏សកម្មនៅក្នុងតំបន់។ ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជន អូសទាញដោយការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់យ៉ាងមិនសមហេតុផល ដូចជាការងារជាតារាម៉ូដែលនៅក្នុងប្រទេសថៃ ការងារជាអ្នកបកប្រែសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មនៅប្រទេសថៃ និងការងារខ្លះទៀតងាយស្រួលបំផុតដោយគ្រាន់តែអង្គុយនៅមុខកុំព្យូទ័រទទួលទូរស័ព្ទឆ្លើយឆ្លងជាអតិថិជនជាដើម។

ជនជាតិកូរ៉េរាប់ម៉ឺននាក់ត្រូវបានឆបោកឱ្យធ្វើដំណើរមកប្រទេសថៃ ជាពិសេសទីក្រុងបាងកក និងឈៀងម៉ៃ ហើយបន្ទាប់មកក៏ត្រូវគេដកហូតលិខិតឆ្លងដែន និងទូរសព្ទដៃ រួចក៏ត្រូវគេយកទៅបង្ខាំង ឬវាយដំ ឬធ្វើទារុណកម្ម និងបង្ខំឱ្យចូលរួមក្នុងបណ្ដាញឆបោក Scammers ការឆបោកតាមអនឡាញ (Online Scams) ការបោកប្រាស់តាមសំឡេង (Voice Phishing) ការបោកប្រាស់មនោសញ្ចេតនា (Romance Scam) និងការជួញដូរជាបន្តបន្ទាប់ ឬបង្ខំឱ្យធ្វើការងារខុសច្បាប់ផ្សេងៗនៅតាមទីតាំងកំណត់ដទៃទៀត។

ជនរងគ្រោះដែលបានចាញ់ការបញ្ឆោតឱ្យមកដល់ព្រំដែនថៃហើយនោះ ពួកគេត្រូវបានក្រុមឧក្រិដ្ឋជនកេងប្រវ័ញ្ចនៅក្នុងប្រតិបត្តិការឆបោក ដោយត្រូវគេគំរាមវះកាត់យកសរីរាង្គថែមទៀតផង ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមអ្វីដែលពួកឧក្រិដ្ឋជនទាមទារ ដូចធ្វើបានដូចគោលដៅដែលពួកគេកំណត់ ។ នេះបើតាមជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានកូរ៉េបន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះអាយុជីវិត។

ស្ថានទូតកូរ៉េប្រចាំប្រទេសថៃបានធ្វើការយ៉ាងសកម្មក្នុងកិច្ចសហការជាមួយកម្លាំងសន្តិសុខក្នុងតំបន់ ដើម្បីកំណត់ទីតាំង និងជួយសង្គ្រោះពលរដ្ឋកូរ៉េដែលត្រូវបានចាប់ឃុំឃាំង និងបង្ខំឱ្យធ្វើការ។ ដើម្បីទប់ស្កាត់ការធ្លាក់ខ្លួនជាជនរងគ្រោះបន្តទៀត ក្រសួងការបរទេសកូរ៉េបានចេញសេចក្តីណែនាំឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្ន ចៀសវាងរាល់ការងារដែលផ្តល់ប្រាក់ខែខ្ពស់ហួសហេតុមិនសមហេតុផលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសតំបន់អសន្តិសុខនៅព្រំដែនថៃជាដើម។

សារព័ត៌មាន SBS របស់សាធារណរដ្ឋកូរ៉េបានចេញបានបញ្ជាក់ធ្ងន់ៗថា នេះមិនមែនគ្រាន់តែជាបញ្ហាបាត់ខ្លួនធម្មតានោះទេ ប៉ុន្តែជាបែបផែននៃការជួញដូរមនុស្ស ជួញដូរសរីរាង្គមនុស្សក្នុងសម័យទំនើប ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត៕

Share.