ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងកងទ័ពភូមា និងក្រុមការ៉ែន បានធ្វើឲ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន ២២ខ្នងរងការខូចខាត។ ជាមួយគ្នានេះ កងទ័ពថៃនៃកម្លាំងពិសេសរាជម៉ានុ (Rajmanu Task Force) បានធ្វើលិខិតតវ៉ាជាផ្លូវការ និងកំពុងល្បាតយ៉ាងតឹងរ៉ឹង។

តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានក្នុងប្រទេសថៃស្ថានការដ៏អាក្រក់នោះបានកើតឡើងនៅថ្ងៃទី១៨ ខែតលា ឆ្នាំ២០២៥ នៅបណ្ដោយស្រុក ម៉ែសូត ខេត្តតា ដែលជាខេត្តជាប់ព្រំប្រទល់ថៃ និងមីយ៉ាន់ម៉ា។ កងទ័ពយោធាមីយ៉ាន់ម៉ា នៅតែបន្តវាយលុកនិងវាយប្រហារទៅលើកម្លាំងប្រដាប់អាវុធ សហភាពជាតិការ៉ែន (KNU) និង កងកម្លាំងការពារប្រជាជន (PDF)។

ការប្រយុទ្ធគ្នានេះបានកើតឡើងតាំងពីតំបន់បានឡេយកូ(Baan Lay Ko) និងភូមិជិតខាង ក្នុងស្រុកមេយ៉ាវ៉ាឌី (Myawaddy) រដ្ឋការ៉ែន ប្រទេសភូមា និងបរិវេណភូមិមីនឡាប៉ាន់ (Minlapam) ភូមិផាលូ (Pha Lu) ស្រុកមេយ៉ាវ៉ាឌី។ តំបន់ទាំងនេះស្ថិតនៅទល់មុខភូមិព្រំដែនថៃដូចជា ឃុំម៉ែគូថ្មីថាស៊ុង (Mae Ku Mai Tha Sung) និង ម៉ែគូលួង (Mae Ku Luang) ក្នុងឃុំម៉ែគូ (Mae Ku) និងភូមិជនជាតិថៃជាច្រើនទៀតនៅក្នុងឃុំមហាវ៉ាន់ (Mahawan) ស្រុកម៉ែសូត ខេត្តតាក។

ការវាយប្រយុទ្ធគ្នានេះ ដោយសារតែភាគីមីយ៉ាន់ម៉ា ព្យាយាមដណ្តើមយកតំបន់ទាំងនេះមកវិញ បន្ទាប់ពីកងកម្លាំងប្រឆាំងបានដណ្តើមយកបានស្ទើរតែគ្រប់ភូមិនៃស្រុកមេយ៉ាវ៉ាឌីកាលពីពេលថ្មីៗនេះ។

ភាគីមីយ៉ាន់ម៉ាបានរៀបចំកងទ័ពឡើងវិញ ដោយសហការជាមួយ កងទ័ពការ៉ែន BGF (Karen Border Guard Force) ដើម្បីវាយប្រហារ និងដណ្តើមយកទីតាំងសំខាន់ៗមកវិញ ដូចជាកងវរសេនាតូចថ្មើរជើងទី ២៧៥ មេយ៉ាវ៉ាឌី ជំរុំផ៉ាស៊ុង (Pha Song) និងមូលដ្ឋានផ្សេងៗទៀត ដែលអនុញ្ញាតឱ្យកងទ័ពភូមាអាចគ្រប់គ្រងផ្លូវពីមេយ៉ាវ៉ាឌីចូលទៅកាន់តំបន់ខាងក្នុងបាន។

ក្នុងការប្រយុទ្ធជុំទីពីរនេះ កងទ័ពភូមាបានចំណាយពេលជាង 2ខែ ធ្វើប្រតិបត្តិការយោធាយ៉ាងធ្ងន់ធ្ងរទាំងផ្លូវអាកាស ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដូចជា ដ្រូនពលីជីវិត (Kamikaze Drone) ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើន និងមានភាពជាក់លាក់ខ្ពស់ ព្រមទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងកាំភ្លើងធំ ១២០ម.ម និងអាវុធថ្មីៗផ្សេងទៀត ដែលទទួលបានជំនួយពីប្រទេសសម្ព័ន្ធមិត្តរបស់ភូមា។ ការប្រើប្រាស់អាវុធទាំងនេះ ធ្វើឱ្យភាគីភូមាមានប្រសិទ្ធភាពជាងកងកម្លាំងប្រឆាំង។

ការប្រយុទ្ធគ្នានៅលើកនេះ បានបង្កឱ្យប៉ះពាល់ដល់ប្រជាជនថៃនៅតាមបណ្តោយព្រំដែន ដោយសារតែកងទ័ពមីយ៉ាន់ម៉ាវាយលុកទៅមុខ និងមានការប៉ះទង្គិចគ្នាដោយកាំភ្លើងធុនតូច កាំភ្លើងយន្ត និង RPG ដើម្បីដណ្តើមយកទីតាំងពីកងកម្លាំងការ៉ែន។ ហេតុដូច្នេះហើយ គ្រាប់កាំភ្លើង ដែលមិនស្គាល់ថាជាគ្រាប់របស់ភាគីណា បាន ធ្លាក់រំលោភចូល ក្នុងទឹកដីថៃ បណ្តាលឲ្យ ឆេះខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះ។

អ្នកសារព័ត៌មានបានបន្ថែមថា ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅខាងប្រទេសមីយ៉ាន់ម៉ា ខណៈដែលកងទ័ពថៃនៃកម្លាំងពិសេសរាជម៉ានុ និង កងកម្លាំងនរេសូរ្យ (Naresuan Force) កំពុងល្បាតតាមបណ្តោយព្រំដែនថៃ–ភូមាទាំងមូល ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃពីការរំលោភបំពានណាមួយ។

ហេតុការណ៍ប៉ះទង្គិចនៅតាមបណ្ដោយព្រំដែន ថៃ មីយ៉ាន់ម៉ា នេះ ក៏ធ្វើឱ្យប្រជាពលរដ្ឋថៃភ័យព្រួយមិនស្ទើរព្រោះតែពួកគេនៅបាក់ស្បាត និងនៅតែចងចាំមិនភ្លេច ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីអតីតកាលដែលទ័ពភូមា ធ្លាប់ចូលដុតបំផ្លាញនិងកំទេចរដ្ឋធានីអយុធ្យាឱ្យវិនាសខ្ទេចខ្ទី៕

ប្រភព៖ Amarin TV

Share.