សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអ្នកសារព័ត៌មាន ជៀសវាងការផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យជម្លោះព្រំដែនកើនឡើងកម្ដៅ។ជាមួយគ្នានេះ សម្ដេចបានអំពាវនាវពលរដ្ឋប្រយ័ត្នប្រយែងក្នុងការជឿព័ត៌មាន ហើយសូមជឿជាក់លើព័ត៌មានរបស់រាជរដ្ឋាភិបាល។
ការអំពាវនាវរបស់សម្តេចធិបតីនេះ ធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ ២០២៥នេះ។
សម្តេចបាន បញ្ជាក់ថារាជរដ្ឋាភិបាលស្ងាត់តែមិនស្ងៀម គឺគិតគ្រប់មុខព្រួញទាំងអស់ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ។ក្នុងន័យនេះ សម្តេចបាន ប្រាប់ឲ្យពលរដ្ឋបន្ដទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន។សម្តេច ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ដែរថា សង្គ្រាមគ្មានចំណេញនោះឡើងទាំងថៃ និងកម្ពុជា។
សម្តេចបានរំលឹកពាក់ព័ន្ធនឹងជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននាពេលកន្លងមកថា កម្ពុជាប្រកាន់យកអភិក្រមចំនួន២ដើម្បីដោះស្រាយបញ្ហាព្រំដែន ទី១៖ កន្លែងប្រយុទ្ធគ្នា បញ្ហានៅបន្ទាយមានជ័យ យុទ្ធជន១៨នាក់ ត្រូវទប់កុំឲ្យរីករាករាល កាត់បន្ថយការប៉ះពាល់ និងរកវិធីបញ្ចប់ជម្លោះ អភិក្រមទី២៖ កន្លែងកើតហេតុ ព្យាយាមដោះស្រាយគ្រប់មធ្យោបាយត្រូវកាត់បន្ថយហានិភ័យ និងការបាត់បង់។
សម្តេចថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញ់ ហើយក្នុងអាស៊ានតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបន្សល់តាំងពីជំនាន់អាណានិគមរាប់រយឆ្នាំ។ជាជំហរគឺ កម្ពុជាប្រើប្រាស់យន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន។
សម្តេចបានប្រកាសជាសាធារណៈដែរថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ។នៅពេលបញ្ហាព្រំដែនដោះស្រាយបញ្ចប់រួចរាល់ សម្តេចនឹងរកឱកាសដើម្បីពន្យល់លម្អិតទៅកាន់មហាជន, គោលដៅរបស់រាជរដ្ឋាភិបាលចង់ឈ្នះ នាំមកសន្ដិភាព និងការពារទឹកដីជូនពលរដ្ឋ៕






អត្ថបទ៖ត្រយង
