សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានចេញមុខបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (អតីតព្រលានយន្តហោះពោធិ៍ចិនតុង) នឹងមិនត្រូវបានលក់ដូរទៅឱ្យឯកជននោះឡើយ ដោយនៅតែជាអចលនទ្រព្យគ្រប់គ្រងដោយរដ្ឋដដែល ជាមួយការថែទាំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ការថ្លែងបញ្ជាក់ជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់ ២,៣០០លានដុល្លារសហរដ្ឋអាមេរិក។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលដៅសំខាន់ពីរសម្រាប់អតីតទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានបិទដំណើរការទាំងស្រុងចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ៖ ១. ជាទីតាំងបម្រុងយុទ្ធសាស្ត្រ៖ សម្រាប់ចុះចតយន្តហោះម្តងម្កាល ក្នុងករណីមានកកស្ទះ ឬមានហានិយភ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ២. ជាសួនសាធារណៈ៖ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ជាកន្លែងលំហែកាយ និងហាត់ប្រាណ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា សម្រាប់អគារដែលមានស្រាប់ក្នុងព្រលានយន្តហោះចាស់ អាចនឹងប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់បម្រើដល់ការថែទាំទីតាំងទាំងមូល។ ប៉ុន្តែការរៀបចំទាំងនេះ គឺមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ផ្លូវរត់យន្តហោះនោះឡើយ

សម្តេចបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសុំបញ្ជាក់ទីតាំងព្រលានយន្តហោះចាស់ គឺអត់លក់ឱ្យឯកជនទេ គឺនៅរបស់រដ្ឋ។ ការគ្រប់គ្រងប្រើប្រាស់សម្រាប់ជាពីសបម្រុង (ផ្លូវរត់យន្តហោះ) និងរៀបចំជាសួនសាធារណៈ… ហើយយើងនឹងរៀបចំទីតាំងមួយចំនួន សម្រាប់ជាសកម្មភាពសេដ្ឋកិច្ច ជាសារមន្ទីរ ប៉ុន្តែទីតាំងទាំងមូលនៅតែជារបស់រដ្ឋ»។

លើសពីនេះ សម្រាប់អគារមួយចំនួន អាចនឹងត្រូវរៀបចំបង្កើតជាសារមន្ទីរផងដែរ ដោយសារព្រលានយន្តហោះពោធិ៍ចិនតុងនេះ ជាស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ តាំងពីឆ្នាំ១៩៥៤ ដែលចាំបាច់ត្រូវថែរក្សាទុកឲ្យបានល្អ។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ដែលមានផ្ទៃដីសរុប ៣៨៦.៥០ ហិកតា បានឈរជើងប្រតិបត្តិការទទួលអ្នកដំណើរជិត ៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩ ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំដ៏មានតម្លៃសម្រាប់ជាតិ និងអន្តរជាតិ៕

អត្ថបទ៖ត្រយង

Share.