កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាប់ផ្តើមផ្ដល់ពាក្យស្នើរចូលរួមប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ខណៈការទទួលពាក្យនឹងបន្តពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា នៅការិយាល័យបុគ្គលិក ស្នងការដ្ឋាននគរបាលខេត្ត។



ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការខេត្ត និងជាប្រធានអនុគណៈកម្មការជ្រើសរើស បានឲ្យដឹងថា បេក្ខជន និងបេក្ខនារីត្រូវមានលក្ខណៈសម្បត្តិល្អ កាយសម្បទាមាំមួន និងគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់កងនគរបាលជាតិ។
លក្ខខណ្ឌសំខាន់ៗ រួមមាន៖ មានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅក្នុងតំបន់ភូមិសាស្ត្រឃុំ ឬសង្កាត់ជាប់ព្រំប្រទល់ មានអប្បកិរិយាល្អ មិនធ្លាប់មានពិរុទ្ធភាព ហើយត្រូវមានសុខភាពល្អតាមលទ្ធផលត្រួតពិនិត្យវេជ្ជសាស្ត្រ ដូចជា ភ្នែក ត្រចៀក បេះដូង ថ្លើម សួត និងការធ្វើតេស្តសារធាតុញៀន។


បេក្ខជនមិនត្រូវមានស្លាកស្នាម ឬសាក់។ បុរសត្រូវមានកម្ពស់យ៉ាងតិច ១,៧០ ម៉ែត្រ និងនារីយ៉ាងតិច ១,៦៥ ម៉ែត្រ។ បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវមានអាយុពី ១៨ ដល់ ២៥ ឆ្នាំ ខណៈបេក្ខជនបរិញ្ញាបត្រអាចមានអាយុអតិបរមា ៣០ ឆ្នាំ។
ស្នងការខេត្តបានបញ្ជាក់ថា ការជ្រើសរើសនេះត្រូវអនុវត្តតាមនិតិវិធីយ៉ាងតឹងរឹង ដើម្បីធានាបាននូវមន្រ្តីនគរបាលដែលមានសមត្ថភាព ទំនួលខុសត្រូវ និងអាចអនុវត្តភារកិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈបានប្រសើរជាងមុន។



អត្ថបទ៖ កំពង់ធំ

