នៅលើដងផ្លូវក្នុងខេត្តចន្ទបុរី ប្រទេសថៃ ក្រុមបាតុករនិងមេដឹកនាំបាតុកម្មធំៗបានលើកទ័ពមកយ៉ាងច្រើនសន្ធឹកស្រែកតវ៉ាប្រឆាំង និងលើកបដាស្នើឱ្យមេយោធភូមិភាគថៃលុបចោលកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារទី២១ ខែតុលា ឆ្នាំ២០២៥នេះ ហើយស្រែកទាមទារឱ្យរដ្ឋភិបាល អនុទីន រំលាយចោល MOU ២០០០ និង២០០១ ចោលភ្លាម។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) គឺមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥ អំឡុងពេលកិច្ចប្រជុំកំពុងដំណើរការ ក្រុមបាតុករថៃភាគច្រើនបាននាំគ្នាមកពីទីក្រុងបាងកក និងខេត្តចន្ទបុរី ឆោលោឡាំប៉ារំខានដល់កិច្ចប្រជុំក្នុងគោលបំណងធ្វើយ៉ាងណាឱ្យកិច្ចប្រជុំសំខាន់មួយនេះត្រូវបានរំសាយ ប៉ុន្តែពួកគេក៏ត្រូវបានកម្លាំងប៉ូលិសរបស់ថៃជាច្រើនរូបឃាត់ដំណើរជាប់។
តំណាងក្រុមបាតុករដែលមកពីទីក្រុងបាងកកបានបង្ហើបថា ពួកគេគឺជាពលរដ្ឋធម្មតាដែលតាមដានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងមានអារម្មណ៍ចាំបាច់ចូលរួមប្រឆាំងយ៉ាងដាច់អហង្កាចំណោះកិច្ចប្រជុំណាដែលធ្វើឱ្យថៃខាតបង់ផលប្រយោជន៍។ តំណាងឱ្យប្រជាជនថៃគ្រប់រូបពួកគេបានស្នើដល់រដ្ឋាភិបាល អនុទីន ឱ្យរំលាយចោល MOU ២០០០ និង២០០១ ភ្លាមៗ។

បើទោះបីជាមានការហាមឃាត់ពីកម្លាំងប៉ូលិសថៃក៏ដោយ ក្រុមបាតុករជាច្រើននាក់នេះអះអាងថា ពួកគេនឹងមកប្រមូលផ្ដុំគ្នាម្ដងទៀតនៅថ្ងៃស្អែក ដើម្បីឱ្យការទាមទាររបស់ពួកគេកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្រុមបាតុករទាំងនោះជឿជាក់ថា MOU ២០០០ និង២០០១ បានបង់ខាតផលប្រយោជន៍របស់ថៃជាច្រើន ជាពិសេសបានធ្វើឱ្យថៃបាត់ទឹកដី ដូច្នោះហើយពួកគេចាំបាត់ត្រូវតែរក្សាផលប្រយោជន៍ជាតិថៃជាធំ។ នេះបើតាមសារព័ត៌មានថៃបានចេញផ្សាយនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥៕

