រដ្ឋមន្ត្រីការបរទេសថៃបានបោះសម្ដីប្រមាថលោក ដូណាល់ ត្រាំ ប្រធានាតិបតីសហរដ្ឋអាមេរិកយ៉ាងមិនសំចៃមាត់ថា ជំនួបការការចរចារវាងថៃជាមួយកម្ពុជា មិនមែនជាការយកមុខរបស់សហរដ្ឋអាមេរិកទេ។ និយាយបែបនេះហាក់បីដូចជាថៃសម្រេចចិត្តមិនចង់ឱ្យភាគីទី ៣ ចូលមកលូកដៃចូលការងារផ្ទៃក្នុងរបស់ថៃ និងចង់បង្ហាញថា ថៃមិនញញើតច្បាប់អន្តរជាតិ ហើយអាមេរិករឹតតែមិនស្ថិតក្នុងខ្សែភ្នែករបស់ថៃសូម្បីតែមួយបៀក។

រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានថ្លែងថា ប្រទេស ថៃនៅមិនទាន់ទុកចិត្តកម្ពុជាកម្ពុជា ថាមានភាពស្មោះត្រង់ក្នុងការបំពេញតាមលក្ខខណ្ឌបួនប្រការរបស់ខ្លួន ដើម្បីស្តារសន្តិភាពពិតប្រាកដឡើងវិញឡើយ។ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) នៅប្រទេសម៉ាឡេស៊ី នឹងឈានមកដល់ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ស្រាប់តែរដ្ឋមន្ត្រីការបរទេសថៃបែរជាចេញសារដ៏ចម្រូងចម្រាសហាក់មិនចង់គោរពតាមកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលយ៉ាងខ្នះខ្នែងពីម៉ាឡេស៊ី ដើម្បីចង់ឱ្យសន្តិភាពកើតមានដល់ប្រទេសដែលជាសមាជិកអាស៊ាន។
លោក សីហសក្តិ បានថ្លែងថា ថៃប្រាថ្នាចង់ឃើញការរស់នៅរួមគ្នាដោយសន្តិវិធី និងពិតប្រាកដរវាងប្រទេសជិតខាងទាំងពីរ ច្រើនជាងឱ្យសហរដ្ឋអាមេរិកដើរតួនាទីជាអ្នកសម្រុះសម្រួលសន្តិភាពឱ្យថៃ។ ការបញ្ជាក់បែបនេះ ច្បាស់ណាស់ថៃ មិនបានចាត់ទុកអាមេរិក នៅក្នុងខ្សែភ្នែករបស់ខ្លួននោះឡើយ ហើយក៏មិនមានចេតនាចង់ឱ្យមានសុខសន្តិភាពរវាងបណ្ដោយព្រំដែនប្រទេសទាំងពីរដែរ។
ថៃ តែងតែប្រាប់ពិភពលោកថា ខ្លួនចង់ឱ្យប្រទេសទាំងពីរដោះស្រាយដោយប្រើយន្តការជជែកគ្នាទ្វេរភាគី តែទង្វើថៃផ្ទុយគ្នាស្រឡះ ព្រោះថៃ មិនបានគោរពបទឈប់បាញ់ដែលបានចូលជាធរមាននោះឡើយ ហើយនៅតែបន្តរំកិលឈ្លានពានចូលដីកម្ពុជាទាំង រាយបន្លាលួស ចល័តកម្លាំងទ័ព ប្រើគ្រឿងចក្រធំៗឈូឆាយដីពលរដ្ឋកម្ពុជា ចាក់សំឡេងរំខានថ្លង់ៗត្រហឹងរំពងពេញភូមិ ដែលប្រជាជនកម្ពុជាបានកំពុងរស់នៅ និងអាស្រ័យផល។ ទោះជាបច្ចុប្បន្នថៃ មិនប្រើអាវុធបាញ់មកលើពលរដ្ឋខ្មែរត្រង់ៗ តែអាវុធចិត្តសាស្ត្រដែលថៃបានប្រើប្រាស់ធុងបាស់ធំៗ ចាក់សំឡេងរន្ធត់ៗ បានក្លាយជាឧបករណ៍ សម្លាប់ និងធ្វើទារុណកម្មលើផ្លូវចិត្តប្រជាជនកម្ពុជាទាំងក្មេងទាំងចាស់ ឱ្យរស់នៅដោយភាពភ័យខ្លាច។
ច្បាស់ណាស់ថៃបង្ហាញពីអំណាចរឹងរបស់ខ្លួនហើយបែរជាលើកដៃចោទកម្ពុជាមិនស្មោះត្រង់ និងមិនចង់ស្ដារសន្តិភាពទៅវិញ ប៉ុន្តែនរណាឱ្យប្រាកដដែលបំពានបទឈប់បាញ់នោះ? ពាក់ព័ន្ធនឹងសំណើរបស់សហរដ្ឋអាមេរិកក្នុងការសម្រុះសម្រួល ភាគីថៃបានចាត់ទុកថា ប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមយកមុខនិងលើកកេរ្តិ៍ឈ្មោះឱ្យអាមេរិកខ្លួនឯងក្នុងនាមជាអ្នកបង្កើតសន្តិភាពឱ្យពិភពលោក ទាំងដែលកម្ពុជាបានបង្ហាញជំហរគាំទ្រលោកប្រធានាធិបតីអាមេរិកព្រោះចង់បង្ហាញថា កម្ពុជាស្រឡាញ់និងចង់បានសន្តិភាពពេញលេញ និងការដោះស្រាយជម្លោះដោយសន្តិវិធី និងមានគោលជំហរស្មោះត្រង់ចំពោះលក្ខខណ្ឌព្រមព្រៀងនៃបទឈប់បាញ់។
សំណើរទាំង៤ ដែលរដ្ឋមន្ត្រីការបរទេសថៃលើកមកនេះ វាហាក់ដូចជាដដែលៗ និងគ្មានអ្វីដែលថ្មីសោះ ព្រោះអ្វីដែលជាការលើកឡើងរបស់ លោកនេះ គឺភាគីថៃ ឬកងទ័ពថៃ ប៉ុណ្ណោះដែលមិនគោរពតាម៖
1-ផែនការចល័តអាវុធធុនធ្ងន់ទៅទីតាំងដើមវិញ ដើម្បីកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន។ តាំងពីបទឈប់បាញ់ចូលជាធរមានហើយនោះ កម្ពុជានៅតែរក្សាកងកម្លាំងរបសើ់ខ្លួននៅទីតាំងដើមដោយគ្មានចល័តអ្វីទាំងអស់ តែទ័ពថៃ ទៅវិញទេ ដែលចល័តទាំងអាវុធ ក៏ដូចជាការចុះរាយបន្លាលួស និងឈូសឆាយដី ភូមិ របស់ប្រជាពលរដ្ឋកម្ពុជា…
2-ផែនការ ដើម្បីចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីននៅព្រំដែន។ ការបោសសំអាតមីន កម្ពុជាត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថាមានភាពឈានមុខគេ ប៉ុន្តែចំណុចដែលថៃលើកមកនោះគឺជាតំបន់ស្ថិតនៅក្នុងការជជែកដោះស្រាយគ្នារវាងគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃ ដូច្នេះប្រាកដណាស់ គ្រប់ភាគីទាំងអស់មិនទាន់អាចមានសិទ្ធិធ្វើសកម្មភាពណាមួយនោះទីនោះបានឡើយ។
3-ផែនការ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ជារឿយៗ នៅពេលដែលថៃខ្លួនឯង គឺជាមជ្ឈមណ្ឌលកណ្ដាល និងជាច្រកទ្វារដ៏សំខាន់សម្រាប់ចែកចាយ និងបញ្ជូនជនរងគ្រោះ ដែលចាញ់បោកគេពីគ្រប់ទិសទី ទៅកាន់ទីតាំងនានាដើម្បីប្រតិបត្តិការ ក្រោមការចូលរួមផ្ដល់នូវការគាំទ្រពីមន្ត្រីថៃ ព្រោះអ្នកណាក៏ដឹងដែរថា ព្រលានយន្តហោះថៃគឺជាច្រកទ្វារអន្តរជាតិដ៏សំខាន់ និងមមាញឹក មួយដែល ដែលក្រុមឧក្រិដ្ឋជនបានប្រើប្រាស់។ ដូច្នេះចំណុចនេះ ថៃ គួរតែលាងជំរះ និងបោសសំអាត ផ្ទះខ្លួនឯងឱ្យស្អាតសិន ចាំនិយាយជាមួយនឹងកម្ពុជា ព្រោះកម្ពុជា បានបោសសំអាតក្រុមសង្គមងងឹត និងក្រុមឧក្រិដ្ឋជនអនឡាញយ៉ាងសស្រាក់សស្រាំ មុននឹងថៃ មកលើកផែនការចូលរួមសហការនេះទៅទៀត។
4-ផែនការការពិភាក្សា យ៉ាងយកចិត្តទុកដាក់លើការបំពានព្រំដែន ដើម្បីកំណត់រកមធ្យោបាយសន្តិវិធីនិងទប់ស្កាត់ហេតុការណ៍នាពេលអនាគត។ ចំពោះការបំពានព្រំដែននេះទៀតសោត តាំងពីមានបញ្ហាជាមួយគ្នាមក មិនថា កាលពីអំឡុងឆ្នាំ២០០៨-២០១១ ឬ មកដល់ឆ្នាំ២០២៥ នេះ គឺមានតែភាគីថៃប៉ុណ្ណោះ ដែលរំលោភបំពាន និងរំលោភចូលដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់ផែនទីកងទ័ពគូសដោយឯកតោភាគី ខណៈកម្ពុជា តែងតែគោរពនិងអនុវត្តន៍តាមគោលការណ៍ច្បាប់អន្តរជាតិជានិច្ច។
ដូច្នេះចំពោះលក្ខណខណ្ឌកំណត់ទាំង ៤ របស់ថៃនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ ដែលបានលើកឡើងខាងលើ ដោយអះអាងថា នឹងមានប្រសិទ្ធភាពឱ្យភាគីថៃពិចារណាលើការដោះលែងអ្នកទោសសង្គ្រាមរបស់កម្ពុជាចំនួន ១៨ នាក់ នោះ វាហាក់ដូចជាគ្រាន់តែជាការចេញមកដើម្បីឱ្យតែល្អមើលប៉ុណ្ណោះ ព្រោះរដ្ឋមន្ត្រីស៊ីវិលរបស់ថៃ គ្មានសិទ្ធិអំណាចណាមួយបញ្ជាលើកងទ័ពឡើយ ដូចមានជាឧទាហរណ៍កន្លងៗមកស្រាប់។
ចុងក្រោយរដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ នៅតែចោទលើកម្ពុជាទាំងបិទភ្នែកថា ការចរចាគឺសំខាន់ហើយត្រូវតែប្រព្រឹត្តទៅដោយសន្តិវិធី។ ប៉ុន្តែការចរចាតែម្ខាងមិនមានប្រយោជន៍ទេ។ ហើយថែមទាំងចោទទៀតថា កម្ពុជា បានយកបញ្ហាទៅកាន់អង្គការសហប្រជាជាតិ (UN) ឬតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចុះថៃ មានបានសួរខ្លួនឯងវិញទេថា អ្វីដែលថៃ បានយល់ព្រមជាមួយនឹងកម្ពុជា តើថៃបានអនុវត្តន៍បានដូចការជជែកគ្នាដែរទេ? ហើយបើសិនការជជែកគ្នាតែ២ភាគី មិនអាចទៅរួច អ៊ីចឹងមិនត្រូវរកភាគីទី៣ មកចូលរួមជួយក្នុងដោះស្រាយ ហើយភាគីទី៣ ដែលកម្ពុជារើស មិនមែនជាសម្ព័ន្ធមិត្ត ដែលមានទំនោរលម្អៀងលើកម្ពុជាឡើយ តែជាអង្គការដែលប្រកាន់ប្រជាធិបតេយ្យ និងស្ថាប័នតុលារពិភពលោក ដែលមិនមាននិន្នាការគាំទ្រប្រទេសណាមួយថែមទៀត៕

