ជាថ្មីម្ដងទៀតហើយដែលអ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ទោ វិនថៃ សុវារី បានចេញមកទទួលស្គាល់ថាកងទ័ពខ្លួនបានប្រើប្រាស់គ្រាប់កាំភ្លើងធំផូស្វ័រពណ៌ស (White Phosphorus – WP) ក្នុងការប្រយុទ្ធក្នុងអំឡុងពេលការប៉ះទង្គិចរយៈពេលប្រាំថ្ងៃជាមួយកម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា បន្ទាប់ពីកន្លងមកអ្នកនាំពាក្យកងទ័ពថៃដដែលនេះក៏ធ្លាប់បានទទួលស្គាល់ដែរថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារមកលើកងទ័ពកម្ពុជា។
ត្បិតថាមិនហ៊ានប្រកែកបន្តទៀតទេ ព្រោះមិនអាចលាក់បាំងជិតនូវអំពើ និងទង្វើគ្មានមនុស្សធម៌របស់កងទ័ពខ្លួន តែអ្នកនាំពាក្យកងទ័ពថៃ រូបនេះនៅតែរក្សាជំហរថា ការប្រើប្រាស់ WP ឬសារធាតុផូស្វ័រពណ៌សរបស់កងទ័ពថៃ មិនមែនជាអាវុធគីមីនោះឡើយ។

អ្នកនាំពាក្យកងទ័ពលោក ឧត្តមសេនីយ៍ទោ វិនថៃ សុវារី (Maj Gen Winthai Suvaree) បានថ្លែងថា គ្រាប់ WP ត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់គោលបំណងបង្កើត ផ្សែង ការ បំភ្លឺ បំផ្ទុះ និងការ ដុត ហើយមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីក្រោមអនុសញ្ញាអាវុធគីមី (CWC) នោះទេ។ លោកបានកត់សម្គាល់ថា គ្មានសន្ធិសញ្ញាអន្តរជាតិណាមួយហាមឃាត់ការស្តុកទុក ឬការប្រើប្រាស់គ្រាប់ WP ទេ ដែលត្រង់នេះអនុញ្ញាតឱ្យប្រទេសថៃរក្សាទុក និងប្រើប្រាស់ពួកវាសម្រាប់ប្រតិបត្តិការយោធាក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។
ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីការអះអាងរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានថ្លែងថា ក្រុមអ្នកជំនាញ CMAC បានរកឃើញគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ ដែលមានផ្ទុកផូស្វ័រពណ៌សនៅខេត្ត ឧត្តរមានជ័យ ដោយពណ៌នាវាថាជាអាវុធដុត និងផលិតផ្សែងពុល ។
លោក ឧត្តមសេនីយ៍ទោ វិនថៃ បាននិយាយថា ក្រោមអនុសញ្ញាអនុសញ្ញាអាវុធគីមី (CWC) ពិធីសារ III ហាមឃាត់អាវុធដុតដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីដុតមនុស្សដោយផ្ទាល់ ប៉ុន្តែគ្រាប់ WP មិនត្រូវបានចាត់ថ្នាក់ក្នុងក្រុមនោះទេ។

លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ WP របស់កងទ័ពថៃត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង កំណត់ត្រឹមតែ គោលដៅយោធា ប៉ុណ្ណោះ ហើយមិនដែលត្រូវបានតម្រង់ទៅលើជនស៊ីវិលឡើយ។ លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ការកាន់កាប់ និងការប្រើប្រាស់គ្រាប់ WP របស់កងទ័ពនៅតែអនុលោមតាមច្បាប់អន្តរជាតិទាំងស្រុង ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។
ទោះជាអ្នកនាំពាក្យកងទ័ពរូបនេះ ព្យាយាមឆ្លើយដោះសារ ថាការប្រើប្រាស់សារធាតុផូស្វ័ររបស់ខ្លួនមិនបានខុសច្បាប់អន្តរជាតិក៏ដោយចុះ ប៉ុន្តែបើនិយាយលើគោលការណ័មនុស្សធម៌ និងសិទ្ធិមនុស្សពិតណាស់ តម្លៃរបស់កងទ័ពថៃ ឬយោធាមានតម្លៃស្មើសូន្យ ព្រោះថៃគ្រាន់តែថ្លែងកុហកអន្តរជាតិប៉ុណ្ណោះចំពោះរឿងដែលថាកងទ័ពខ្លួនបាញ់តម្រង់តែគោលដៅយោធា ខណៈដែលភស្ដុតាងបន្សល់ទុកជាច្រើនមានទាំងរណ្ដៅគ្រាប់ កំទេចកំទី និងសំបកគ្រាប់ មួយចំនួនបានធ្លាក់ចូលទៅក្នុងភូមិរបស់អ្នកស្រុក ដែលបានបង្កឱ្យខូចខាតនិងឆេះខ្ទេចខ្ទី ផ្ទះសម្បែង និងវត្តអារ៉ាម រហូតបណ្ដាលឱ្យលោកតាអាចារ្យម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងថែមទៀតផង។
ដូច្នេះសរុបសេចក្ដីមកវិញ ថៃ អាចដោះសារ អាចប្រកែក និងលើកពីច្បាប់អន្តរជាតិមកអះអាង និងការពារខ្លួន តែបើនិយាយពីគោលការណ័មនុស្សធម៌ និងសិទ្ធិមនុស្សវិញនោះ កងទ័ពថៃ បានប្រព្រឹត្តិនូវទង្វើឃោរឃៅ និងគ្មានសីលធម៌ មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ព្រោះការបាញ់ចូលទៅក្នុងតំបន់ជនស៊ីវិល មិនថាអាវុធនោះត្រូវបានចាត់ថ្នាក់អ្វីក៏ដោយ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់មនុស្សធម៌អន្តរជាតិ៕

