វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា កិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ត្រូវបានផ្អាក បន្ទាប់ពីទីក្រុងមូស្គូ បានច្រានចោលបទឈប់បាញ់បន្ទាន់មួយក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើឱ្យមានភាពមិនច្បាស់លាស់លើកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយបិទបញ្ចប់ សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥។

មន្ត្រីជាន់ខ្ពស់សេតវិមានបានប្រាប់រ៉យទ័រថា «មិនមានគម្រោងសម្រាប់លោកប្រធានាធិបតី ត្រាំ ដើម្បីជួបជាមួយលោកប្រធានាធិបតី ពូទីន ក្នុងពេលអនាគតដ៏ខ្លីនោះទេ» បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជ្រើសរើសលុបចោលមិនធ្វើកិច្ចប្រជុំដោយផ្ទាល់ដែលបានគ្រោងទុកថា នឹងរៀបចំនៅទីក្រុង Budapest ក្នុងសប្តាហ៍នេះ។


លោក ត្រាំ ធ្លាប់បានប្រកាសកាលពីសប្តាហ៍មុនថា លោក និងលោក ពូទីន នឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសហុងគ្រី ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែការបដិសេធរបស់ទីក្រុងមូស្គូ ក្នុងការពិចារណាលើសម្បទានបានរារាំងការរៀបចំកិច្ចប្រជុំនេះ។
យ៉ាងណាម៉ិញ ប្រទេសរុស្ស៊ីបានទទូចថា អ៊ុយក្រែនត្រូវតែលះបង់ទឹកដីបន្ថែមទៀត មុនពេលបទឈប់បាញ់អាចចូលជាធរមាន។

ប្រសិនបើកិច្ចប្រជុំដោយផ្ទាល់រវាងលោក ត្រាំ និងលោក ពូទីន ត្រូវដំណើរការនៅក្នុងទីក្រុង Budapest ប្រទេសហុងគ្រី នៅ២សប្ដាហ៍ទៀតមែននោះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់រដ្ឋជាសមាជិក EU ចាប់តាំងពីការលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងឆ្នាំ២០២២មក៕

