ថ្មីៗនេះ ក្រោយសភាតំណាងរាស្ត្របក្សប្រឆាំងពីរនាក់បានចេញសារបង្ហោះផ្សព្វផ្សាយនិងឆ្លើយឆ្លងគ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនឹងចម្ងល់ខ្លះៗ ក្រោយគេបានរកឃើញថាអគារ ក្រុមហ៊ុន ស៊ីណូ-ថៃ (Sino-Thai) និង HTR ដែលជាក្រុមហ៊ុនក្រុមគ្រួសាររបស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោក អនុទិន ចាន់វីរគុល បានផ្ដល់ទីតាំងជួលឱ្យក្រុមហ៊ុនមួយដែលក្រោយមកត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបណ្ដាញក្រុមសង្គមងងឹត ឬក្រុមឧក្រិដ្ឋកម្មឆបោកអនឡាញ។

ការណ៍នេះបានធ្វើឱ្យផ្ទុះចេញនូវមតិរិះគន់ និងវែកញែកគ្នាខ្លាំងនៅក្នុងចំណោមសាធារណជន ទីបំផុតក្រុមហ៊ុន ស៊ីណូថៃ បានចេញមកប្ដឹង សភាតំណាងរាស្ត្រទាំងពីររូបនៃបក្សប្រឆាំង រួមមាន៖ លោក សុផាន់ណាត់ (Supanut) និង អ្នកស្រី រ៉ាក់ឆាណុក (Rukchanok) ពីបទបរិហារកេរ្តិ៍ ដោយភ្ជាប់ករណីឱ្យស្កែមម័រជួលអគារ។
សាច់រឿងដែលនាំឱ្យមានការប្ដឹងផ្ដល់ តំណាងរាស្ត្រវ័យក្មេងរបស់បក្សប្រឆាំងនេះគឺផ្ដើមចេញពី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក សុផាន់ណាត់ មីនឆៃណាន់ (តំណាងរាស្ត្រ គណបក្សប្រជាជន) បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ដោយលើកឡើងពីការរកឃើញថា ក្រុមហ៊ុន Prince International Co., Ltd. ដែលជាក្រុមហ៊ុនត្រូវបានគេដាក់ការសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Holding Group ដែលត្រូវបានអាជ្ញាធរអន្តរជាតិ (ជាពិសេសសហរដ្ឋអាមេរិក) ប្រកាសរឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងបណ្តាញប្រព្រឹត្តបទល្មើសឆ្លងដែន និងស្កែមម័រ (Scammer) មានអាសយដ្ឋានចុះបញ្ជីនិងទីតាំងការិយាល័យស្ថិតនៅក្នុង «អគារ ស៊ីណូ-ថៃ ថាវវើ (Sino-Thai Tower)» ដែលជាអគាររបស់ក្រុមហ៊ុនគ្រួសារលោក អនុទិន។

សមាជិកសភាខាងលើ បានអះអាងថា លោកបានដកស្រង់ទិន្នន័យពីគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម (DBD) និងគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីបញ្ជាក់ពីទីតាំងនេះ។ នៅក្នុងសារនោះ លោក សុផាន់ណាត់ បានលើកឡើងជាសំណួរបែបចោទសួរថា៖ «គ្រាន់តែជារឿងចៃដន្យដែរឬទេ?» «ឬមួយស្គាល់ម្ចាស់អគារ?» ឬក៏ «មានគោលបំណងជួលនៅអគារនេះដើម្បីឆ្លៀតឱកាសទាក់ទងនឹងអ្នកមានអំណាច?»។ លើសពីនេះ លោកបានណែនាំឱ្យម្ចាស់អគារ (ក្រុមហ៊ុន ស៊ីណូ-ថៃ) សំដៅដល់ក្រុមគ្រួសារលោក អនុទិន គួរតែពិចារណាលុបចោលកិច្ចសន្យាជួល ដើម្បីការពារកុំឱ្យខូចខាតកេរ្តិ៍ឈ្មោះ។
ដោយឡែកលោកស្រី រ៉ាក់ឆាណុក ដែលជាសមាជិកបក្សប្រឆាំងជាមួយគ្នាដែរនោះ ក៏បានចូលរួមបញ្ចេញមតិ ឬចែករំលែកសារនោះ ដោយភ្ជាប់ទៅនឹងលោកនាយករដ្ឋមន្ត្រីថៃ (ដោយសារគ្រួសារលោកមានភាគហ៊ុនក្នុងក្រុមហ៊ុន ស៊ីណូ-ថៃ) ជាមួយនឹងខ្លឹមសារដែលមានលក្ខណៈថា៖ «លោកនាយករដ្ឋមន្ត្រី នៅឯណាដែរ? Prince International ដែលទូទាំងពិភពលោកប្រកាសរឹបអូសទ្រព្យសម្បត្តិ គឺនៅត្រង់នេះ ជិតៗហ្នឹង គឺស្ថិតនៅក្នុងអគារ Sino-Thai Tower»។

ក្រោយមានការទម្លាយចេញនូវភាពជិតស្និទ្ធិរបស់ក្រុមហ៊ុនគ្រួសារ នាយករដ្ឋមន្ត្រីថៃ និងក្រុមហ៊ុនដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកជាអន្តរជាតិនោះ ធ្វើឱ្យសាច់រឿងដែលធ្លាប់ត្រូវបាន សមាជិកសភានិងជាអនុប្រធានបក្សប្រឆាំងថៃ លោក រ៉ាងស៊ីម៉ាន់ រ៉ូម លើកយកប្រកាសនៅក្នុងកិច្ចប្រជុំដេញដោលក្នុងសភាកាលពីជាងមួយខែមុនកាន់តែមើលឃើញច្បាស់ៗថា អ្នកនយោបាយ និងអ្នកមានអំណាចនៅក្នុងសង្គមថៃ មានជាប់ពាក់ព័ន្ធជាមួយក្រុម Scammer លំដាប់អន្តរជាតិ។
គេនៅចាំបានច្បាស់ណាស់ថា លោក រ៉ាងស៊ីម៉ាន់ បានបញ្ជាក់ចំៗមិនបញ្ឆិតបញ្ឆៀងថា លោក ធម្មាណាត់ ព្រហ្មផៅ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម គឺមានទំនាក់ទំនងជាមេឧក្រិដ្ឋជន បន្ថែមលើសពីនោះក៏មានមន្ត្រីគ្រាក់ៗរបស់ថៃចំនួន៧ នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យពួកបោកប្រាស់ ឬក្រុមឧក្រិដ្ឋជនយកប្រទេសថៃ ជាចំណុចកណ្ដាលនៃទីតាំងឆបោក ប៉ុន្តែអត្តសញ្ញាណរបស់មន្ត្រីថៃទាំងនោះ នៅមិនទាន់ត្រូវបានបញ្ជាក់ឬទម្លាយឱ្យជាក់លាក់នោះឡើយ។

យ៉ាងណាមិញ ដើម្បីរក្សាមុខមាត់ផង និងទំនងបារម្ភខ្លាចគេស្រាវជ្រាវដឹងដល់ពោះវៀនក៏ថាបាន ក្រុមហ៊ុន ស៊ីណូ-ថៃ អ៊ិនជីនារីង អេន ខនស្ត្រាក់សិន ភីអិលស៊ី (Sino-Thai Engineering and Construction Public Company Limited) បានចេញមកទប់ស្កាត់ ប្រតិកម្មនឹងតំណាងរាស្ត្របក្សប្រឆាំងទាំងពីររូប ដោយបានលើកឡើងថាការបង្ហោះសារនោះមានលក្ខណៈ ចោទប្រកាន់ ថាក្រុមហ៊ុនបានដឹងឮ និងមានជាប់ពាក់ព័ន្ធនឹងបណ្តាញស្កែមម័រដែលជួលអគាររបស់ខ្លួន។
ភាគីក្រុមហ៊ុនបានលើកឡើងទៀតថា ការបង្ហោះទាំងនោះបានបង្កើតការយល់ច្រឡំ ធ្វើឱ្យសាធារណជនបាត់បង់ភាពជឿជាក់ ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងប្រតិបត្តិការអាជីវកម្ម។ ដូច្នេះដើម្បីការពារសិទ្ធិ និងកេរ្តិ៍ឈ្មោះ ក្រុមហ៊ុនបានបញ្ជូនមេធាវីទៅដាក់ពាក្យបណ្ដឹងប្តឹងលោក សុផាន់ណាត់ និងអ្នកស្រី រ៉ាក់ឆាណុក ពីបទ «បរិហារកេរ្តិ៍ដោយការផ្សព្វផ្សាយ» (Defamation by Advertisement) និងបទល្មើសផ្សេងៗទៀត។

ក្រុមហ៊ុន ស៊ីណូ-ថៃ អ៊ិនជីនារីង អេន ខនស្ត្រាក់សិន ភីអិលស៊ី (Sino-Thai Engineering and Construction Public Company Limited) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ អេចធីអ (HTR Co., Ltd.) ដែលជាអ្នកគ្រប់គ្រងអគារ ស៊ីណូ-ថៃ ថាវវើ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគ្រួសាររបស់នាយករដ្ឋមន្ត្រី អនុទិន ចាន់វីរគុល (Anutin Charnvirakul) ព្រោះក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក ឆាវ៉ារ័ត្ន ចាន់វីរគុល ដែលជាឪពុកបង្កើតរបស់លោក អនុទិន ហើយពីអតីតកាល កាលលោកនាយករដ្ឋមន្ត្រីអនុទិននៅជាអ្នកជំនួញនិងវិស្វករ លោកបានក្លាយ អ្នកដឹកនាំជំនាន់ទី ២ របស់ក្រុមហ៊ុន ហើយធ្លាប់កាន់តំណែងជានាយកគ្រប់គ្រង (Managing Director) មុនពេលចូលប្រឡូកក្នុងឆាកនយោបាយពេញទំហឹង។
គួរដឹងដែរថា ក្រុមហ៊ុន ស៊ីណូ-ថៃ អ៊ិនជីនារីង អេន ខនស្ត្រាក់សិន ភីអិលស៊ី ត្រូវបានប្តូរឈ្មោះជាក្រុមហ៊ុន សេថខន គ្រុប ភីអិលស៊ី (Stecon Group Public Company Limited) ឬ STECON នាពេលថ្មីៗនេះ ប៉ុន្តែការលើកឡើងនៅតែសំដៅដល់ក្រុមហ៊ុនដែលជាសម្ព័ន្ធរបស់គ្រួសារលោកនាយករដ្ឋមន្ត្រី៕

