ភ្នំពេញ៖ ណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង និងតំណាងរាស្ត្រគណបក្សរដ្ឋាភិបាល ជាច្រើនរូបទៀតបានចុះទៅពិនិត្យដោយផ្ទាល់តាមតំបន់សង្ស័យមានសកម្មភាពឧក្រិដ្ឋកម្ម online scam នៅអគារសេះស ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានកម្លាំងសមត្ថកិច្ចកម្ពុជាចូលរួមជាមួយ បានរាយការណ៍អំពីសកម្មភាពល្មើសតាមអនឡាញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប ៨៦នាក់​ ស្ត្រីមាន០៥នាក់​ ក្នុងនោះមានជនជាតិកូរ៉េ ៥៧នាក់ស្រ្តី០២នាក់ និងជនជាតិចិន ២៩នាក់ ស្រ្តី០៣នាក់ ព្រមទាំងដកហូតកុំព្យូទ័រ ១២៦គ្រឿង និងទូរស័ព្ទដៃ ៣០គ្រឿង។

ជាមួយគ្នាសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញ ជូនគណៈប្រតិភូនូវរាល់ភស្តុតាងនានាពាក់ព័ន្ធ នឹងការឆបោកអនឡាញ, ការអនុវត្តប្រតិបត្តិការចុះបង្រ្កាបរបស់កំលាំងសមត្ថកិច្ចចម្រុះកម្ពុជា, លទ្ធផលនៃការធ្វើកោសល្យវិច័យលើឧបករណ៍បច្ចេកទេស និងទីតាំងនៃប្រព្រឹត្តបទល្មើសជាក់ស្តែង។ បន្ទាប់ពីបានពិនិត្យភស្តុតាងនានា និងទីតាំងព្រឹត្តិការណ៍ ឯកឧត្តម KIM SEOK-KI បានបញ្ជាក់ថា មិនមានសញ្ញាបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េឡើយ ហើយសកម្មភាពល្មើសទាំងនេះគឺធ្វើដោយខ្លួនឯង។

តំណាងកូរ៉េ ក៏បានស្នើឱ្យភាគីកម្ពុជា បន្តការបង្ក្រាបឧក្រិដ្ឋកម្មបែបនេះ និងជួយសង្គ្រោះជនជាតិកូរ៉េដែលជាអ្នករងគ្រោះពីការឆបោកតាមប្រព័ន្ធអនឡាញ។ យ៉ាងណាក៏ដោយ ឯកឧត្តមបានផ្តល់សន្យានឹងផ្សព្វផ្សាយលទ្ធផលនេះនៅក្នុងប្រទេសកូរ៉េ ដើម្បីបញ្ចប់ការយល់ច្រឡំចំពោះកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕

ប្រភព÷ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

Share.