ថ្ងៃនេះជាខួបលើកទី ៣៤ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូលាយនៃជម្លោះកម្ពុជា ហៅកាត់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះបានបម្រើជាមូលដ្ឋានដ៏សំខាន់សម្រាប់ការឈានទៅរកសន្តិភាព និងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍នៅកម្ពុជា។

ក្នុងឱកាសនេះ ប្រទេសអូស្ត្រាលីបានបង្ហាញនូវកិត្តិយសរបស់ខ្លួនដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យកិច្ចព្រមព្រៀងនេះកើតឡើង ហើយបានក្លាយជាសហហត្ថលេខីមួយក្នុងចំណោមសហហត្ថលេខីចំនួន ១៩ ប្រទេស។

កិច្ចព្រមព្រៀងប៉ារីសបានត្រួសត្រាយផ្លូវឱ្យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់) អាចសម្របសម្រួលការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លើសពីនេះ កិច្ចព្រមព្រៀងទាំងនេះបានបង្កើតនូវគោលការណ៍គ្រឹះសម្រាប់ការបង្កើតប្រទេសជាតិប្រជាធិបតេយ្យមួយនៅកម្ពុជា ដោយផ្អែកលើនីតិរដ្ឋ និងការការពារសិទ្ធិមនុស្ស។

៣៤ ឆ្នាំក្រោយមក ទោះបីជាមានការវិវឌ្ឍន៍ផ្នែកនយោបាយនិងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏គោលការណ៍ស្នូលទាំងនេះនៅតែមានសារៈសំខាន់ចាំបាច់ក្នុងការគាំទ្រដល់ដំណើរការរីកចម្រើន ស្ថិរភាព និងវិបុលភាពរបស់ប្រទេសកម្ពុជាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ការរំលឹកខួបនេះ គឺជាការគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នារបស់សហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជាក្នុងការថែរក្សា និងជំរុញគុណតម្លៃនៃសន្តិភាព នីតិរដ្ឋ និងប្រជាធិបតេយ្យដែលបានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស៕

អត្ថបទ៖ត្រយង

Share.