ភ្នំពេញ៖សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្ញើសារជូនជនរួមជាតិនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥នេះ អំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបច្ចុប្បន្នស្ថានការណ៍បានបោះមួយជំហានទៅមុខប្រកបដោយភាពច្បាស់លាស់ ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយដោយសន្តិវិធី។
សម្តេចបញ្ជាក់ថា បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ចាប់ផ្ដើមពីការប្រើប្រាស់លួសបន្លា និងកង់ឡានរបស់យោធាថៃហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីថា គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺទប់សភាពការណ៍កុំឱ្យរីករាលដាល និងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់បំផុត។ រាជរដ្ឋាភិបាលបានប្រកាន់យកអភិក្រមដោះស្រាយដោយភាពអត់ធ្មត់ និងមធ្យោបាយសន្តិវិធី ព្រោះការប្រើប្រាស់ហិង្សាអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។

ទាក់ទងនឹងការយល់ច្រឡំមួយចំនួន នាយករដ្ឋមន្ត្រីបានបញ្ជាក់សាជាថ្មីថា «គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ»។ កម្ពុជាមិនរំលោភលើដែនអធិបតេយ្យភាពប្រទេសជិតខាងទេ ប៉ុន្តែក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដែរ។
បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញដែលត្រូវរួមគ្នាដោះស្រាយដោយតម្លាភាព មានការឯកភាពគ្នា គ្មានការបង្ខិតបង្ខំ និងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាត្រចូលថ្ងៃទី ២៣ តុលា ២០២៥ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧) ។
ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី ១/២០០.០០០ សន្ធិសញ្ញា ១៩០៧ និងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាននឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាងសម្រាប់ធ្វើការដោះស្រាយបន្ត។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយឱ្យបញ្ហាដែលកើតមាននៅភូមិជោគជ័យ និងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ៕



អត្ថបទ៖ត្រយង
