ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ នេះ គឺជាខួបលើកទី៣៤ ឆ្នាំ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា។
សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងដ៏សំខាន់នេះ បានលើកឡើងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចថា កាលពី ៣៤ ឆ្នាំមុន គឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជា រួមមាន៖ រដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចតេជោ ហ៊ុន សែន, ចលនាតស៊ូហ៊្វុនស៊ិនប៉ិច តំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តំណាងដោយលោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានសាក្សីមកពី ១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
បើតាមសម្តេចតេជោ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបង្អស់ជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេសបារាំង។ កិច្ចចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខា ដោយព្រះអង្គ និងសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេស្គាល់ថាជា «ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS»។ ក្រោយមក ក៏មានកិច្ចចរចាបន្តរវាងភាគីទាំងពីរលើកទី ២ នៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏សង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដោយសារភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។ ទីបំផុត ក្រោមនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន សង្គ្រាមស៊ីវិលបានបញ្ចប់ទាំងស្រុងនៅឆ្នាំ ១៩៩៨ ដែលធ្វើឱ្យកម្ពុជាទូទាំងប្រទេសទទួលបាននូវសន្តិភាពពេញលេញ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ៕

អត្ថបទ៖ត្រយង
