បាត់ដំបង÷ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាគម្រោងទី ២ ត្រើយខាងលិចស្ទឹងសង្កែ ក្នុងស្រុកឯកភ្នំការសាងសង់បានជិត ១០០% ហើយគ្រោងដំណើរការចម្រោះកខ្វក់ ឆាប់ៗវាបានផ្តល់មកនូវបរិស្ថានល្អប្រសើរ បញ្ចៀសប៉ះពាល់សុខមាលភាពពលរដ្ឋទូទៅ។

នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥កន្លងមកថ្មីៗ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមជាមួយនឹងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៩ហិកតា ក្នុងស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូភូមិចំការសំរោង ក្រុងបាត់ដំបង ក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមានការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាដើម។

លោកស្រី កឹម សុគន្ឋារី អនុប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទទួលបន្ទុករៀបចំប្រព័ន្ធលូ និងជាប្រធានអង្គភាពអនុវត្តគម្រោង (PIU) បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥នេះថា÷ បច្ចុប្បន្ននេះគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដំណើរការសាងសង់បានប្រមាណ ៩៨%ហើយ ដែលត្រៀមនឹងបញ្ចប់គម្រោងក្នុងពេលឆាប់ៗខាងមុខ ក្រោយដំណើរការសាងសង់ចាប់តាំងពីឆ្នាំ ២០២១មក។

មន្ត្រីជំនាញខាងលើបានបន្តថា÷ គម្រោងរៀបចំបណ្តាញលូទឹកកខ្វក់នេះក្រោយចាប់ផ្តើមដំណើរវាបានញែកទឹកកខ្វក់ផ្ទាល់ពីបន្ទប់ទឹក ពីផ្ទះបាយតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនីមួយៗហើយហូរដោយឡែកទៅស្ថានីយបូម ច្រោះ សម្អាត និងសម្រេចចុងក្រោយទឹកមានគុណភាពបានបញ្ជូនទៅប្រភពទឹកធម្មជាតិនានាក្នុងតំបន់ ឬតំបន់ជុំវិញ។

ដូច្នេះទឹកកខ្វក់លែងហូរលាយឡំជាមួយទឹកភ្លៀងជោរជន់លិចភូមិស្រុក និងបានហូរចាក់ចូលក្នុងស្ទឹង បឹង បួរជាប្រភពទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររស់នៅនាំឲ្យប៉ះពាល់ដល់សុខមាលភាព អនាម័យ បរិស្ថានដូចមុនៗទៀតហើយ៕

អត្ថបទ: ដំបងក្រញូង

Share.