ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានច្រានចោលការលើកឡើងដែលស្នើឲ្យយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំបន្ទាន់។ សម្តេចតេជោបានអះអាងថា បញ្ហាព្រំដែននេះ បានដើរហួសពីកិច្ចព្រមព្រៀងប៉ារីសហើយ ព្រោះកម្ពុជាបានដាក់ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងវេទិកាអន្តរជាតិនានាដទៃទៀត។

ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់ផ្ដួចផ្ដើមចរចាសម្របសម្រួលរហូតឈានទៅបង្កើតបានទាំងស្រុងនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះពុំមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ។

សម្តេចបានពន្យល់ថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយ ហើយកិច្ចព្រមព្រៀងនេះ ក៏អស់សុពលភាពនៅពេលដែលសភាធម្មនុញ្ញបានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងបានបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។

សម្តេចតេជោមានប្រសាសន៍ថា៖ «ឥលូវមានអ្នកអំពាវនាវឲ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ទាក់ទិននឹងការឈ្លានពានរបស់ប្រទេសជិតខាង។ ប៉ុន្ដែសួរថា សហប្រធានគាត់ព្រមទេ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និងបារាំងមើល តើគេព្រមកោះដែរទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះស្រាយរបៀបមិច […] នេះ! បានទៅហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងវេទិការអន្ដរជាតិដទៃទៀត»។

ទាក់ទិននឹងបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោបានគូសបញ្ជាក់ថា ស្ថានភាពបានឈានដល់ដំណាក់កាលមួយនៃការធូរស្រាលហើយ បន្ទាប់ពីភាគីទាំងពីរកម្ពុជា-ថៃ បានបញ្ចប់នូវកិច្ចប្រជុំសំខាន់ៗប៉ុន្មានថ្ងៃមកនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

សម្តេចតេជោបានបន្ថែមថា ភាគីទាំងពីរនឹងឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ នៅថ្ងៃទី២៦ ខែតុលាខាងមុខ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃទី២៦ ខែតុលាខាងមុខនេះ។

កិច្ចព្រមព្រៀង ឬឯកសារសន្តិភាពនេះ នឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំក្នុងការស្តារទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ ឈានទៅរកការរស់នៅដោយសុខសន្តិភាព និងវិបុលភាពក្នុងនាមជាអ្នកជិតខាងជាមួយគ្នា៕

អត្ថបទ៖ត្រយង

Share.