គូឡាឡាំពួ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ដោយបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ សម្តេចមហាបវរធិបតី បានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Marcos នៅកម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ។ សម្ដេចបានថ្លែងអំណរគុណហ្វីលីពីន ដែលបានគាំទ្រដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងការចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)។ សម្ដេចក៏បានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ និងសង្ឃឹមថាហ្វីលីពីននឹងបន្តគាំទ្រ និងចូលរួមក្នុងយន្តការ AOT នេះ។

ទាក់ទងនឹងដំណោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ សម្ដេចនាយករដ្ឋមន្ត្រីបានជម្រាបជូនថា កម្ពុជា និងថៃ នឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្តមនាយករដ្ឋមន្រី្តម៉ាឡេស៊ី Anwar Ibrahim ចូលរួមជាសាក្សី។ សម្ដេចក៏បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះហ្វីលីពីន ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦។
ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅកាលពីពេលថ្មីៗនេះ។ ឯកឧត្តមក៏បានសម្ដែងនូវក្ដីរីករាយចំពោះការវិវត្តន៍វិជ្ជមានក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃនេះ។ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា ហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការតាមសំណូមពររបស់កម្ពុជា សំដៅធានាសុខសន្តិភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចទៅវិញទៅមកនាពេលកន្លងមក ហើយក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់មួយចំនួនផងដែរ៕
អត្ថបទ៖ត្រយង
