នាថ្ងៃចន្ទ ទី២៧ ខែតុលា នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីបានអញ្ជើញចូលរួមធ្វើជាសាក្សីលើការចុះកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី កាលពីម្សិលម៉ិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។


យ៉ាងណា លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងតូក្យូ នាល្ងាចថ្ងៃអង្គារ នេះ ដើម្បីជួបជាមួយព្រះចៅអធិរាជ Naruhito និងនាយករដ្ឋមន្ត្រីថ្មីជប៉ុនលោកស្រី Sanae Takaichi។ លោកស្រី Sanae Takaichi និយាយថា ការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺជាអាទិភាពចម្បងរបស់រដ្ឋបាលលោកស្រីលើផ្នែកការទូត និងសន្ដិសុខ។ ប្រទេសជប៉ុន បានរួចផុតពីពន្ធពាណិជ្ជកម្មដ៏ច្រើនដែលលោក ត្រាំ បានដាក់លើប្រទេសជាច្រើនទៀត។


គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងជាលើកទី២ លោក ត្រាំ នឹងបន្ដធ្វើដំណើរចាកចេញពីប្រទេសម៉ាឡេស៊ី ទៅប្រទេសជប៉ុន មុនជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីងពីង នៅកូរ៉េខាងត្បូង អំឡុងកិច្ចប្រជុំកំពូល APEC ក្នុងគោលបំណងបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។

