ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសជាសាធារណៈថា កម្ពុជានិងថៃ បានចាប់ផ្តើមដំណើរការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែក ជាជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងប្រទេសទាំងពីរ។



បន្ទាប់ពីចុះសេចក្តីថ្លែងការណ៍រួម ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងវត្តមានជាសាក្សីរបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម។



ការកែសម្រួលយុទ្ធោបករណ៍និងអាវុធធុនធ្ងន់ ត្រូវបានអនុវត្តនៅម៉ោង ៩ យប់ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ក្រសួងការពារជាតិបានបញ្ជាក់ថា ជំហាននេះ បង្ហាញពីកាយវិការសុច្ឆន្ទៈ និងការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់ប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ភាពតានតឹង និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។





កម្ពុជាបានបញ្ជាក់សាជាថ្មីថា នឹងបន្តគោរព និងអនុវត្តសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដោយបន្តសហការជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ និងជំនាន់ក្រោយៗទៅទៀត។








