
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សេតវិមាន បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹង លុបចោលបម្រាបលក់អាវុធឲ្យកម្ពុជា ហើយនឹងចាប់ផ្ដើមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក នឹងបង្កើនកៅអីមនបន្ថែមសម្រាប់នាយទាហានកម្ពុជា នៅតាមសាលាយោធារបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីសាហរដ្ឋអាមេក លោក ដូណាល់ ត្រាំ និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានជួបប្រជុំគ្នាជាលើកដំបូង ដោយគិតចាំតាំងពីសម្ដេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដែលជំនួបនេះធ្វើឡើងនៅទីក្រុងគូឡាំពួរប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ តុលា ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សេតវិមានសហរដ្ឋអាមេរិកបានចេញសេចក្ដីប្រកាសព័ត៌មាន ដែលបានធ្វើកំណត់សម្គាល់ថា ដោយផ្អែកលើការខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការស្វែងរក សន្តិភាព និងសន្តិសុខ សហរដ្ឋអាមេរិកនឹង លុបចោលបម្រាមលក់អាវុធ លើប្រទេសកម្ពុជា កាលពីអាណត្តរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) បានដាក់លើកម្ពុជានៅចុងឆ្នាំ ២០២១។ ហើយភាគីទាំងពីរបានឯកភាពគ្នាជាថ្មីក្នុងការចាប់ផ្ដើមធ្វើលំហាត់សមយុទ្ធការពារជាតិ ទ្វេភាគី ឆ្មាំអង្គរ (ANGKOR SENTINEL) ដែលធ្លាប់បានធ្វើឡើងចុងក្រោយកាលពីឆ្នាំ ២០១៧។ លើសពីនេះ សហរដ្ឋអាមេរិកនឹង បង្កើនកៅអី សម្រាប់និស្សិតយោធាកម្ពុជានៅតាមសាលាយោធារបស់សហរដ្ឋអាមេរិក ដូចជា សាលា West Point និងសាលាទ័ពអាកាស (Air Force Academy) ជាដើម។
សេតវិមានក៏បានបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងកម្ពុជាបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងមជ្ឈមណ្ឌលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទ៖ ឈិន ធារ៉ាត់

