ភ្នំពេញ ៖ ឃ្លាំង ផ្ទះលក់ម៉ូតូធំ និងគ្រឿងបន្លាស់ម៉ូតូ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាតធ្ងន់ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៣២៨ ក្នុងភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


ឃ្លាំងស្តុកម៉ូតូមួយល្វែង ១៦ម៉ែត្រx២៧ម៉ែត្រ និងផ្ទះចំនួន២ល្វែងជាប់គ្នា ក្នុងមួយល្វែង៦ម៉ែត្រx២៥ម៉ែត្រ រងខូចខាត និងម៉ូតូអស់មួយចំនួន ដែលមានម្ចាស់ឈ្មោះ ឈឹង សុខា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ម៉ូតូ នៅផ្ទះកើតហេតុ។
តាមប្រភពនៅកន្លែង បានឱ្យដឹងថា មុនកើតហេតុ ឮសូរសម្លេងផ្ទុះ សង្ស័យទុស្សេចរន្តអគ្គិសនី ហើយឆាបឆេះចេញជាអណ្តាតភ្លើងឆាបឆេះឡើងសន្ធោសន្ធៅ បង្កឱ្យផ្អើលឆោឡោ។


ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការរាជធានីភ្នំពេញ ចេញទៅជួយអន្តរាគមន៍។ តែទោះជាមានការសង្ស័យ ការស្និដ្ឋាននៅកន្លែងកើតហេតុយ៉ាងណាក្តី គ្រោះអគ្គិភ័យខាងលើ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ កម្លាំងពន្លត់អគ្គិភ័យសហការពន្លត់ភ្លើង រហូតដល់វេលាម៉ោង៥និង០៥នាទីព្រឹកថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញ។
អត្ថបទ៖ តាតុងសែនជ័យ

