កំពត៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៥ បានប្រគល់ជូនធុងសំរាមចំនួន ២,៣៥៨ ធុងជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមទៅទូទាំងខេត្តកំពត ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញប្រគល់ធុងសំរាមជូនឯកឧត្តម មឿង គង្គារ អភិបាលរងខេត្តកំពត ក្នុងវត្តមានមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពត អង្គភាពពាក់ព័ន្ធ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមបានបញ្ជាក់ថា ការផ្តល់ធុងសំរាមនេះ គឺជាចំណែកមួយក្នុងការអប់រំ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចេះញែកសំរាមតាមប្រភេទ កាត់បន្ថយការបំពុលបរិស្ថាន និងជំរុញឱ្យប្រើប្រាស់សម្ភារៈដែលអាចប្រើឡើងវិញបាន។ ការចែកធុងសំរាមទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាព ក៏ជួយឱ្យគ្រួសារដែលមិនអាចទិញធុងសំរាមផ្ទាល់ខ្លួន មានឱកាសប្រើប្រាស់ធុងសាធារណៈ ដើម្បីរក្សាភាពស្អាតជុំវិញសហគមន៍។

ឯកឧត្តម មឿង គង្គារ បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានគាំទ្រការគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងខេត្ត ដើម្បីបង្កើនភាពស្អាត ទាក់ទាញទេសចរណ៍ និងលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។


តាមការបញ្ជាក់របស់ក្រសួងបរិស្ថាន ការផ្តល់ធុងសំរាមនេះ ស្ថិតក្នុងចំណុចនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្មឆ្នាំ២០២៣–២០២៨ ដែលផ្តោតលើបីមុំសំខាន់ៗ គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

បន្ទាប់ពីភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួនជាង ១៣លាន អង្គ/នាក់។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបន្ទាប់មួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងបន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ក៏ដូចជាចូលរួមរក្សាភាពស្អាតនៅគ្រប់ទីកន្លែង ដើម្បីជំរុញឱ្យកម្ពុជា មានអនាម័យ ស្អាតស្រស់ និងអភិវឌ្ឍប្រកបដោយចីរភាព៕

Share.