កំពង់ស្ពី៖ ក្រុមការងារអធិកាកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យនៅទីតាំងផ្ទាល់ នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាលទ្ធផលការពិនិត្យបានបង្ហាញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលមានទីតាំងនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់បរិស្ថាន ដោយបានដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម (សំបកនិងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែ ដែលមិនមែនជាទីតាំងទុកដាក់សំណល់ត្រឹមត្រូវតាមច្បាប់។


ក្រុមការងារបានបញ្ជាក់ថា ក្រុមហ៊ុនមិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដែលមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ដែលបានធ្វើជាមួយក្រសួងបរិស្ថានផងដែរ។ ក្រសួងបរិស្ថានបានចាត់វិធានការតាមច្បាប់ ដោយតម្រូវឲ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍ លើករណីដឹកសំណល់រឹងឧស្សាហកម្មទៅចោលនៅទីតាំងគ្មានការអនុញ្ញាតត្រឹមត្រូវ (អនុលោមតាមមាត្រា២៣៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ) និងការមិនអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន និងកិច្ចសន្យាការពារបរិស្ថាន (អនុលោមតាមមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០)។




ជាងនេះទៅទៀត ក្រសួងបរិស្ថាន បានបញ្ជាឲ្យក្រុមហ៊ុនបញ្ឈប់ការដឹកសំណល់រឹង (គ្រាប់និងសំបកស្វាយ) ទៅចោលនៅទីតាំងខាងលើជាបន្ទាន់ និងត្រូវធ្វើការប្រមូលសម្អាតសំណល់ទាំងអស់ចេញឲ្យអស់ មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នា ក្រសួងបរិស្ថាន បានបន្តអំពាវនាវដល់សាធារណជន និងសហគ្រាសឧស្សាហកម្មទាំងអស់ ឱ្យអនុវត្តតាមច្បាប់ និងបទបញ្ញត្តិបរិស្ថាន ឲ្យមានការទទួលខុសត្រូវចំពោះសំណល់ឧស្សាហកម្មរបស់ខ្លួន ដើម្បីថែរក្សាបរិស្ថាន និងសុខុមាលភាពសាធារណៈជាបន្ត៕
អត្ថបទ៖ ចតុម្មុខ

