កំពង់ចាម៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្តាលឲ្យរថយន្តទួរីសមួយគ្រឿងជិះគ្នា៥នាក់រអិលធ្លាក់ចូលទន្លេមេគង្គបណ្តាលឲ្យស្លាប់ម្នាក់ បាត់ខ្លួន២នាក់។




តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា រថយន្តខាងលើធ្វើដំណើរពីឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយគោលបំណងយកឪពុកឈឺធ្ងន់ទៅព្យាបាលនៅរាជធានីភ្នំពេញ។ ប៉ុន្តែពេលដល់ចំណុចផ្លូវកោង អ្នកបើកបរបានកាច់ចង្កូតជ្រុល បណ្ដាលឲ្យរថយន្តរអិលធ្លាក់ចូលទន្លេមេគង្គតែម្តង។
ជនរងគ្រោះទាំង៥នាក់ទី១ឈ្មោះ ទ្បេង ពៅ អាយុ ៥២ ឆ្នាំ អ្នកបើកបរ (នៅរស់)
ទី២. យ៉េវ ម៉ាប់ អាយុ ៦៨ ឆ្នាំ (បាត់ខ្លួន)
ទី៣. ម៉ាប់ សុខមី អាយុ ៤៥ ឆ្នាំ (បាត់ខ្លួន)
ទី៤. ម៉ាប់ គន្ធា អាយុ ៣៩ ឆ្នាំ (ស្លាប់) និងទី៥. ម៉ាប់ រស្មី អាយុ ៣១ ឆ្នាំ (នៅរស់)។





បន្ទាប់ពីកើតហេតុ អធិការនគរបាលស្រុកស្រីសន្ធរ និងលោកបិន ឡាដា អភិបាលស្រុក បានចុះទៅកន្លែងកើតហេតុ រួមជាមួយកម្លាំងសង្គ្រោះមូលដ្ឋាន ដើម្បីស្វែងរកអ្នករងគ្រោះដែលបាត់ខ្លួន។ រហូតដល់ម៉ោង ២ រសៀល នៅថ្ងៃដ៏ដែលរថយន្ត និងមនុស្សបាត់ខ្លួន២នាក់នៅតែមិនទាន់រកឃើញនៅឡើយ។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងបន្តសហការជាមួយកម្លាំងអ្នកជំនាញមុជទឹក ដើម្បីស្វែងរកអ្នករងគ្រោះដែលកំពុងបាត់ខ្លួន៕
