ក្រចេះ ៖ ស្ពានដែកមួយកន្លែងស្ថិតនៅតាមផ្លូវខេត្ត លេខ 3KRT24 បានបាក់ បន្ទាប់ពីមានរថយន្តធុនធំដឹកដំឡូងបើកឆ្លងកាត់ ពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ចំណុចគីឡូម៉ែត្រ០១+៥២០ ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ហើយត្រូវបានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ចេញសេចក្តីប្រកាស បិទផ្អាកចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ។



តាមមន្ទីរសាធារណៈការខេត្តបានឱ្យដឹងថា ស្ពានដែកខាងលើ ប្រវែង៣៩ម៉ែត្រ ទទឹង៤.៥ម៉ែត្រ ឆ្លងកាត់អូរឆ្លងូង បន្ទាប់ពីរថយន្តធុនធំសណ្តោងរុឺម៉កដឹកដំឡូងបើកឆ្លងកាត់ បានបាក់ធ្លាក់ទាំងរថយន្ត ។



មន្ទីរសាធារណៈការខេត្តបានប្រកាសផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកសំណើរ សូមឱ្យបើកវាងទៅផ្លូវ១០៧ ក្នុងភូមិ១០៤ ឃុំក្រញូងសែនជ័យ ស្រុកស្នួល វិញ រហូតដល់ មានការជួសជុលស្ពានហើយ ៕
អត្ថបទ៖ តាតុងសែនជ័យ

