ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ តុលា ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបប្រជុំជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីពិភាក្សា និងចែករំលែកព័ត៌មានអំពីការគាំទ្រពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមគោលនយោបាយ និងយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។


ឯកឧត្តម ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់ធនាគារពិភពលោក ក្នុងការគាំទ្រការងារ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ការពិភាក្សានេះក៏ស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតការងារ និងទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជន និងពលករត្រឡប់ពីប្រទេសថៃ។



ក្នុងនាមជាកិច្ចសហប្រតិបត្តិការដែលមានសារៈសំខាន់ លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសរសើរឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការបង្កើតការងារ និងកែលម្អជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ភាគីទាំងពីរ បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។







បន្ទាប់ពីជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញលោកស្រី Tania Meyer និងគណៈប្រតិភូ ទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ ម៉ោង Hotline 1297 ដែលផ្តល់សេវាស្វែងរកការងារដល់ពលករខ្មែរត្រឡប់ពីប្រទេសថៃ៕










