ព័ត៌មានពីទូរទស្សន៍ថៃ ThaiPBS ជាភាសាអង់គ្លេសបានរាយការណ៍ថា ប្រទេសកម្ពុជា និង ថៃ បានព្រមព្រៀងលើការដកសព្វាវុធធុនធ្ងន់ពីតំបន់ព្រំដែនចំនួន បីដំណាក់កាល ក្នុងរយៈពេល ៦សប្តាហ៍ ដោយការដកសព្វាវុធជានិមិត្តរូបដំបូងគេ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ លោក ឧត្តមសេនីយ៍ ណាត់ថាផន ណាក់ផានិច រដ្ឋមន្ត្រីការពារជាតិថៃ បានថ្លែងនៅថ្ងៃទី២៨ ខែតុលា កន្លងទៅថា ចលនានេះធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នា អំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោកបានបញ្ជាក់ថា បន្ទាប់ពីដំណាក់កាលដំបូងនៃការដកទ័ពនៅថ្ងៃអាទិត្យ ដំណាក់កាលទីពីរនឹងបន្តក្នុងរយៈពេល បីសប្តាហ៍ ហើយដំណាក់កាលទីបីនឹងត្រូវបញ្ចប់ក្នុងរយៈពេល ប្រាំមួយសប្តាហ៍ ដោយបន្ថែមថា ព័ត៌មានលម្អិតនៃសព្វាវុធដែលត្រូវដកចេញក្នុងដំណាក់កាលនីមួយៗ គឺអាស្រ័យលើការពិភាក្សារវាងកងទ័ពទាំងពីរ។
ទន្ទឹមនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ កម្ពុជាបានចាប់ផ្តើម ដកសព្វាវុធធុនធ្ងន់ ចេញពីព្រំដែនរួមជាមួយថៃ ដែលជាដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា ថៃ ២៦ តុលា ជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ និងបានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារសន្តិភាព និងធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ។
ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសជាបងប្អូននៅក្នុងសមាគមអាស៊ាននេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ ដោយមានប្រទេស ជប៉ុន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី កូរ៉េខាងត្បូង វៀតណាម និងឡាវ បានកោតសរសើរកិច្ចព្រមព្រៀងនេះថាជាស្នាដៃដ៏សំខាន់សម្រាប់ស្ថិរភាពតំបន់។
មេដឹកនាំនៃប្រទេសទាំងនេះបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះដំណោះស្រាយដោយសន្តិវិធី ការការពារមនុស្សធម៌ និងសន្តិសុខរយៈពេលវែងតាមបណ្តោយព្រំដែន ខណៈដែលប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិកត្រូវបានគេកោតសរសើរសម្រាប់ការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា ថៃ ២៦ តុលា នេះ។
ប្រជាជនទូទាំងប្រទេសកម្ពុជា សង្ឃឹមនឹងជឿជាក់ថា កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា ថៃ ២៦ តុលា នេះនឹងនាំមកនូវការរស់នៅក្នុងសន្តិភាព និងភាពសុខដុមរមនា សម្រាប់ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនទាំងសងខាង ដើម្បីជួយសម្រួលឱ្យពួកគាត់អាចវិលត្រលប់ទៅរកការរស់នៅក្នុងជីវភាពប្រចាំថ្ងៃធម្មតាដូចមុន៕

