នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ខ្លាំងចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចូលខ្លួនទៅបង់ប្រាក់ពិន័យ៦ម៉ឺនរៀល នាព្រឹកថ្ងៃទី២៧ តុលា ករណីជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព អំឡុងពេលប្រតិបត្តិការ ត្រួតពិនិត្យស្ថានភាពទឹកជំនន់ ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។


លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា តាមពិតទៅ លោកអភិបាល ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួកសុវត្ថិភាព ស្រអាប់ពេក ពិបាកមើលផ្លូវ ម្យ៉ាងទៀត ដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពជំនន់ ទឹកភ្លៀង ដើម្បីរកដំណោះស្រាយជួយប្រជាជន អភិបាលក៏បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព ។
នៅលើផេក ឧត្តមសេនីយ៍ឯក ស ថេត បានសរសេរថា ការណ៍ដែលមិនបានពាក់ពួកសុវត្ថិភាពនៅពេលនោះព្រោះថា ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយទឹកជំនន់ ទីតាំងកំពុងប្រឈមនឹងហានិភ័យ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ សហការគ្នាទប់ស្កាត់ និងបញ្ជៀសទឹកជំនន់ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ បានបិទហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះឡើយ។


កាលពីម្សិលមិញ នៅលើបណ្ដាញសង្គមបន្ទាប់ពីមានរូបភាព នៃថ្នាក់ដឹកនាំជិះម៉ូតូមិនមានពាក់មួកសុវត្ថិភាព អំឡុងពេលប្រតិបត្តិការត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោត ត្រូវបានមហាជន រិះគន់រឿងមិនពាក់មួកសុវត្ថិភាព។ ប៉ុន្ដែក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមួយចំនួនក៏បានសម្ដែងការយល់ឃើញផ្ទុយថា កតព្វកិច្ចបន្ទាន់ និងទីតាំងបិទខ្ទប់ ហើយកិច្ចការមនុស្សធម៌ជាកតព្វកិច្ចធំ ទំនងជាមានការយោគយល់លើកំហុសមួយនេះ។
យ៉ាងណាមិញ ក្រោយពីរូបភាពនៃការបង្ហោះពីថ្នាក់ដឹកនាំចូលខ្លួនទៅបង់ប្រាក់ផាកពិន័យនៅព្រឹកថ្ងៃទី២៧ តុលានេះ មហាជនក៏បានចូលរួមផ្ដល់យោបល់វិញថា នេះជាគំរូល្អមួយដល់មន្រ្តីទូទៅ ដើម្បីរួមចំណែកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
