ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង កែច្នែលើសពីលក្ខណៈបច្ចេកទេស កង់ឌុប តកន្ទុយ ដឹកគ្រឿងសមុទ្រ បើកលឿនគេចពីម៉ូតូ ជ្រុលទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាត៦កង់ រថយន្តខ្ទេចមួយចំហៀង កាលពីវេលាម៉ោង៤និង៥៥នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវសហព័ន្ធរុស្សុី ចំណុចភ្លើងស្តុប ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌លឿង ដឹកគ្រឿងសមុទ្រ បើកលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ គេចពីម៉ូតូឆ្លងផ្លូវ ជ្រុលទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាត៦កង់ រថយន្តខ្ទេចមួយចំហៀង វិលមួយជុំត្រឡប់ក្រោយ តែមិនបង្កឱ្យអ្នកណារងរបួស ភ្លាមត្រូវបានខាងរថយន្តបង្ក ប្រញាប់ប្រញាល់ប្រមូលគ្រឿងសមុទ្រដាក់រថយន្តផ្សេង ដោះស្លាកលេខរថយន្តចេញ ហើយបើកគេចទៅបាត់។

រថយន្តបង្កគ្រោះថ្នាក់ខាងលើក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចយកទៅរក្សាទុក រងចាំដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋជាក្រោយ។
បើតាមប្រជាពលរដ្ឋងឿងឆ្ងល់ ចុះគ្រឿងសមុទ្រដឹកមកពីខាងណាវិញ យកទៅលក់ចែកចាយនៅឯខេត្តកំពត កំពង់ស្ពឺ សមណាស់ដឹកពីខេត្តកំពត មកលក់នៅភ្នំពេញ។ ចំណែករថយន្តសាំយ៉ុងកែច្នៃលើសពីលក្ខណៈបច្ចេកទេស ឃើញមានច្រើនគ្រឿងកំពុងដឹកទំនិញចូលរាជធានីភ្នំពេញ៕

អត្ថបទ៖ តាតុងសែនជ័យ

