កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ អគារសិក្សាថ្មី ១ ខ្នង កម្ពស់ ២ ជាន់ មានចំនួន ១២ បន្ទប់ និងទីចាត់ការ ១ ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




តាមការបញ្ជាក់ពីគណៈកម្មការសាលា វិទ្យាល័យនេះ មានបុគ្គលិកសរុប ២៨ នាក់ រួមទាំងផ្នែកបឋមភូមិ ១៧ នាក់ និងផ្នែកទុតិយភូមិ ៩ នាក់។ ចំណែកសិស្សានុសិស្សមានសរុប ៨៥១ នាក់ រៀនសូត្រក្នុងថ្នាក់ ១៦ ថ្នាក់ តាមប្រព័ន្ធសិក្សា ២ វេន គឺមួយវេនសម្រាប់មឋមភូមិ និងមួយវេនសម្រាប់ទុតិយភូមិ។





គណៈកម្មការបានឱ្យដឹងថា បច្ចុប្បន្នអគារទាំងពីរមានវឌ្ឍនភាពសាងសង់បានជិត ៩០% ហើយនឹងរួចរាល់ជាស្ថាពរនៅពេលឆាប់ៗខាងមុខ។ ពេលអគារថ្មីសាងសង់រួច នឹងអាចឆ្លើយតបទៅតាមតម្រូវការរបស់សាលា ក្នុងការផ្តល់បន្ទប់សិក្សាគ្រប់គ្រាន់សម្រាប់សិស្សានុសិស្ស និងបង្កើនប្រសិទ្ធភាពសិក្សារៀនសូត្រឲ្យកាន់តែប្រសើរ។
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំអារក្សត្នោត បានសម្តែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានផ្តល់អគារសិក្សាថ្មី និងទីចាត់ការនេះ ដើម្បីគាំទ្រវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងតំបន់៕
អត្ថបទ÷កណ្តាល
