របបយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យ ថា ខ្លួនកំពុងវាយកម្ទេចអគារជិត ១៥០ខ្នង នៅក្នុងការបង្រ្កាបលើបរិវេណទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ល្បីមួយនៅជាប់ព្រំដែនប្រទេសថៃ ដែលរួមមានកន្លែងហាត់ប្រាណ ស្ប៉ា និងហាងខារ៉ាអូខេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន The Star នាថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

អគារឆបោកដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានរីកដុះដាលកាន់តែច្រើន ដោយក្រុមឆបោកទាំងនោះត្រូវបានគេលួងលោម ឬបោកបញ្ឆោតឱ្យទៅធ្វើការនៅទីតាំងខាងលើ ដោយបង្ខំឱ្យធ្វើការឆបោកប្រាក់ពីជនរងគ្រោះនានានៅទូទាំងពិភពលោក ក្នុងរូបភាពផ្សេងៗដូចជា៖ ការឆបោកស្នេហា , ការឆបោកលើការវិនិយោគ, និងការឆបោកតាមទម្រង់ផ្សេងៗជាច្រើនទៀត។

យុទ្ធនាការលើកនេះ ធំជាងរាល់ដង ព្រោះយោធាមីយ៉ាន់ម៉ា បានបង្កើនការវាយប្រហារកម្ទេចអគារចំនួន ១៤៨ខ្នង រួមទាំងកន្លែងហាត់ប្រាណ មន្ទីរពេទ្យ ស្ប៉ា និងខារ៉ាអូខេផងដែរ ដែលជឿថា ក្រុម Scammer ប្រើប្រាស់ជាជម្រកធ្វើប្រតិបត្តិការខុសច្បាប់។






កាលពីខែមុន យោធាមីយ៉ាន់ម៉ាបានប្រកាសការវាយឆ្មក់លើមជ្ឈមណ្ឌលឆបោកដ៏ល្បីល្បាញ KK Park ដោយឃាត់ខ្លួនមនុស្សជាង ២,០០០នាក់ និងរកឃើញមនុស្ស ១,៥០០នាក់រត់ឆ្លងចូលប្រទេសថៃ។
អំឡុងពេលនៃការវាយឆ្មក់ទ្រង់ទ្រាយធំមួយ យោធាមីយ៉ាន់ម៉ា បានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន ៣០គ្រឿង ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕

