ត្បូងឃ្មុំ៖ មន្ទីរទេសចរខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរាយការណ៍ពីកំណើនភ្ញៀវទេសចរ ធ្វើដំណើរកំសាន្តតាមតំបន់រមណីយដ្ឋាន នានាក្នុងខេត្តត្បូងឃ្មុំ នាឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល បី ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរ សរុបចំនួន ១៣,៨៥៧ នាក់ ។




បើតាមរបាយការណ៍របស់មន្ទីរទសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរទាំងអស់គឺជាជនជាតិខ្មែរ ខណៈមិនមានទេសចរបរទេសឡើយ ក្នុងអំឡុងពេលនេះ។ តួលេខនេះបានកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ ៩៤.៧៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដែលមានភ្ញៀវសរុបត្រឹមតែ ៧,១១៤ នាក់ប៉ុណ្ណោះ។ កំណើននេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យទេសចរផ្ទៃក្នុង និងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋចំពោះតំបន់កម្សាន្តជាច្រើន ក្នុងខេត្តត្បូងឃ្មុំ ។






ក្នុងឱកាសនោះដែរ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ក៏បានចាត់មន្ត្រីចុះណែនាំដល់ម្ចាស់អាជីវកម្មទេសចរណ៍នានា ឲ្យរក្សានូវតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ និងតម្លាភាព ដោយតម្រូវឲ្យសរសេរតម្លៃឲ្យបានច្បាស់លាស់ ក្នុងបញ្ជីមុខម្ហូប ដើម្បីជៀសវាងការឡើងថ្លៃហួសហេតុ ។
ទន្ទឹមនឹងនេះដែរ មន្ត្រីក៏បានជំរុញឲ្យភ្ញៀវទេសចរទាំងអស់ ចូលរួមថែរក្សាបរិស្ថាន ដោយណែនាំឲ្យវេចខ្ចប់ និងទុកដាក់សម្រាមក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវអនាម័យ និងសោភ័ណភាពតាមតំបន់រមណីយដ្ឋាន ដែលនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរប្រកបដោយនិរន្តរភាពក្នុងខេត្ត៕
អត្ថបទ÷ អាចារ្យលាក់

