ប្រធានប្រតិបត្តិជាន់ខ្ពស់បំផុតពីររូបរបស់ស្ថាប័នផ្សព្វផ្សាយសាធារណៈចក្រភពអង់គ្លេស BBC បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ (ទី ៩ ខែវិច្ឆិកា) នៅចំពេលដែលរឿងអាស្រូវជុំវិញ ភាពមិនលំអៀង (impartiality) និង ភាពលំអៀង (bias) កំពុងកើនឡើងខ្លាំង រហូតដល់ថ្នាក់ធ្វើឱ្យ BBC ធ្លាក់ចូលក្នុងវិបត្តិដ៏ធំបំផុតមួយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Tim Davie (អគ្គនាយក ឬ Director General នៃ BBC ដែលជាមន្ត្រីប្រតិបត្តិជាន់ខ្ពស់បំផុត)និង លោកស្រី Deborah Turness (នាយកប្រតិបត្តិព័ត៌មាន ឬ Chief Executive of the news division) បានលាលែងបន្ទាប់ពីមានការលេចធ្លាយនូវ កំណត់ត្រាផ្ទៃក្នុង ដ៏សំខាន់មួយ ដែលចងក្រងដោយលោក Michael Prescott (ទីប្រឹក្សាស្តង់ដារវិចារណកថារបស់ BBC)។

កំណត់ត្រានោះបានបង្ហាញថា BBC បានកែសម្រួលសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងលក្ខណៈបំភាន់។ ភាពយន្តឯកសារផលិតដោយកម្មវិធី “Panorama” របស់ BBC ត្រូវបានចោទប្រកាន់ថា បានកាត់តសុន្ទរកថារបស់លោក ត្រាំ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ធ្វើឱ្យហាក់ដូចជាលោកបានអំពាវនាវដោយផ្ទាល់ឱ្យមាន អំពើហិង្សា ដោយប្រាប់ក្រុមបាតុករថា លោកនឹងដើរជាមួយពួកគេទៅ “ប្រយុទ្ធដូចនរក” (fight like hell) នៅវិមាន Capitol Hill។ ប៉ុន្តែតាមពិត លោក ត្រាំ បាននិយាយក្នុងសុន្ទរកថានោះថា៖ “យើងនឹងដើរចុះទៅវិមាន Capitol ហើយយើងនឹងលើកទឹកចិត្តសមាជិកព្រឹទ្ធសភា និងសមាជិកសភាដ៏ក្លាហានរបស់យើងទាំងអស់គ្នា”។

ប្រធាននាយកប្រតិបត្តិ លោក Davie បានថ្លែងថា ការលាលែងរបស់លោកគឺជា “ការសម្រេចចិត្តផ្ទាល់ខ្លួនទាំងស្រុង” ប៉ុន្តែបានបន្ថែមថា ក្នុងនាមជាអគ្គនាយក លោកទទួលយក “ការទទួលខុសត្រូវខ្ពស់បំផុត” ចំពោះកំហុសដែលបានកើតឡើងដោយ BBC។ ខណៈនាយកប្រតិបត្តិព័ត៌មាន លោកស្រី Turness បាននិយាយថា ភាពចម្រូងចម្រាសជុំវិញភាពយន្តឯកសារបាន “ឈានដល់ដំណាក់កាលដែលបង្កការខូចខាតដល់ BBC” ហើយថា “ខ្ញុំជាអ្នកទទួលខុសត្រូវចុងក្រោយ”។

ក្រោយដំណឹងនេះបានផ្សព្វផ្សាយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់កាសែត The Telegraph ដែលបាន “លាតត្រដាង” អំពើពុករលួយ ដោយហៅពួកគេថាជា “មនុស្សមិនស្មោះត្រង់បំផុតដែលព្យាយាមជាន់ឈ្លីភាពយុត្តិធម៌ក្នុងការបោះឆ្នោតប្រធានាធិបតី”។

យ៉ាងណាម៉ិញ នេះមិនមែនជាលើកទីមួយទេដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ BBC លាលែងពីតំណែងដោយសាររឿងអាស្រូវបែបនេះ៕

Share.