ម៉ានីល៖ ព្យុះទីហ្វុង ហ្វុង វ៉ុង (Fung-wong) ដែលបានបោកបក់ចេញពីប្រទេសហ្វីលីពីន ឆ្លងកាត់សមុទ្រចិនខាងត្បូងនៅព្រឹកថ្ងៃចន្ទ នេះ ឆ្ពោះទៅកោះតៃវ៉ាន់ បន្ទាប់ពីខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបង្ខំឱ្យមនុស្សជាងមួយលាននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្យុះ ហ្វុង វ៉ុង (Fung-wong) បានបង្កការបំផ្លិចបំផ្លាញ និងវាយប្រហារលើភាគខាងជើងប្រទេសហ្វីលីពីន ពេញមួយយប់ថ្ងៃអាទិត្យ ដោយបង្ខំឱ្យប្រជាជន ១លាន៤សែននាក់ ចាកចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាព ក្រោយវាបានកើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុង វាយប្រហារលើទីក្រុង ឌីណាលុនហ្គាន (Dinalungan) នៃខេត្ត អ៊ូរ៉ូរ៉ា (Aurora)

ព្យុះនេះបានវាយប្រហារលើផ្នែកជាច្រើននៃកោះ លូហ្សូន (Luzon) ជាមួយកម្លាំងខ្យល់បក់ដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ខ្លាំងអស់ពេញមួយយប់។ ព្យុះនេះ ក៏បានបង្កការខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នងនៅទីក្រុង សានទីអាហ្គោ (Santiago) ខេត្ត អ៉ីសាបេឡា (Isabela) ផងដែរ ហើយក្រៅតែពីអ្នកស្លាប់ ២នាក់ មានមនុស្ស ២នាក់ផ្សេងទៀតបានរងរបួស ខណៈជើងហោះហើរជាង៤០០ ត្រូវបានលុបចោល។

សូមជម្រាបថា ព្យុះនេះ បានវាយប្រហារលើប្រទេសហ្វីលីពីនភ្លាមៗ បន្ទាប់ពីប្រទេសដីកោះមួយនេះ បានរងការវាយប្រហារពីព្យុះទីហ្វុង កាលម៉ាជី (Kalmaegi) កាលពីសប្ដាហ៍មុន ដោយមនុស្ស ២២៤នាក់បានបាត់បង់ជីវិត៕

ប្រភព៖ CNA

Share.