នៅក្នុងឱកាសចូលរួមជាវាគ្មិននៅក្នុងសកលវិទ្យាល័យមួយនៅប្រទេសថៃ ប៊ុនស៊ីន ផាតក្លាង អតីតមេបញ្ជាការភូមិភាគ២ របស់ថៃ បានទទួលស្គាល់ដោយបើកចំហរថា នៅក្នុងថ្ងៃទីមួយដែលមានការប៉ះទង្គិចជាមួយនឹងកម្ពុជា គឺមានបទបញ្ជាពីថ្នាក់លើឱ្យខ្លួនបញ្ឈប់ ប៉ុន្តែរូបគេបានប្រកែកដាច់អហង្កាហើយនៅបន្តបញ្ជាឱ្យកូនទាហានរបស់ថៃក្រោមបង្គាប់បញ្ជាចូលច្បាំង ដោយមិនខ្វល់ពីសុខទុក្ខនិងអាយុជិវិតរបស់កូនទាហានខ្លួនទាល់តែសោះ។

ការលើកឡើងរបស់មេបញ្ជាភូមិភាគអាត្មានិយមរូបនេះ គឺស្ដែងឱ្យឃើញពីចរិតឃោឃៅនិងគ្មានមេត្តាធម៌ ដូចករណីទាហានថៃខ្លះកើតស្ដ្រេសរត់ចេញពីបន្ទាយទៅបាញ់ប្រហារលើអ្នកភូមិបណ្ដាលឱ្យរបួសស្រាលនិងធ្ងន់ នៅក្នុងបន្ទាយមួយនៃខេត្តសុរិន ដោយសារតែពលទាហានរូបនេះ ចង់ត្រលប់ទៅលេងផ្ទះ ទៅជួបក្រុមគ្រួសារ តែថ្នាក់លើបញ្ជាឱ្យនៅប្រចាំការ ដើម្បីត្រៀមច្បាំង ទាំងដែលដឹងហើយថា ទាហានថៃឋានៈតូចទាប ឬទាហានកេណ្ឌមួយចំនួន មិនចង់ឱ្យមានសង្គ្រាម និងមិនចង់ចូលសមរភូមិតទល់ជាមួយនឹងទាហានកម្ពុជាទាល់តែសោះ។
នៅក្នុងខ្លឹមសារដែលអតីតមេទ័ពភូមិភាគនេះនិយាយដោយញញឹមញញែមទាំងឥតមានអៀនខ្មាសចង់ឈ្លានពានទឹកដីកម្ពុជា បានបន្សល់ទុកនូវសោកនាដកម្មដ៏សែនឈឺចាប់នៃការព្រាត់ប្រាសគ្រួសារ ខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់ប្រជាពលរដ្ឋទាំងសងខាង ព្រោះតែអតីតមេយោធារូបនេះ ខ្វល់តែម្យ៉ាង គឺចិញ្ចឹមចិត្តចង់ឈ្លានពានទឹកដីកម្ពុជា ពិសេសប្រាសាទបុរាណដែលបុព្វបុរសខ្មែរ បានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
សម្រាប់ប្រជាពលរដ្ឋថៃដែលជឿងប់ងល់ ហើយមិនបានត្រិះរិះពិចារណា អាចគិតថា ប៊ុនស៊ីន ផាតក្លាង គីជាវីរបុរសរបស់ប្រទេសថៃ ជាមេទ័ពក្លាហាន ការពារទឹកដី ប៉ុន្តែប្រសិនបើគេគិតឱ្យស៊ីជម្រៅ ពាក្យពេចន៍របស់ ប៊ុនស៊ីន កំពុងតែបង្ហាញពីកម្សោយរបស់ប្រទេសថៃ ពិសេសរាជរដ្ឋាភិបាលថៃ និងភាពមិនឯកភាពគ្នានៅក្នុងសង្គមនយោបាយថៃ ដែលបណ្ដោយឱ្យត្រឹមមេភូមិភាគតំបន់មួយមានសិទ្ធិអំណាចអាចធ្វើអីស្រេចនឹងចិត្ត ហើយមិនគោរពតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាអ្នកកាច់ចង្កូតប្រទេសជាតិ បណ្ដាលឱ្យប្រទេសជាតិជួបនឹងការបាត់បង់ពិបាកនឹងស្រោចស្រង់ ពិសេសទំនាក់ទំនងទ្វេរភាគ ក្នុងនាមជាបងប្អូននិងជាសមាជិកអាស៊ាន ដែលកម្ពុជានិងថៃ បានប្រឹងប្រែងកសាងទំនុកចិត្តគ្នានិងគ្នាឡើងវិញក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក។
ប្រសិនបើថៃនៅតែបន្តក្រឡិចក្រឡុច និយាយបាតដៃជាខ្នងដៃ រដ្ឋមន្ត្រីនិយាយផ្សេង នាយករដ្ឋមន្ត្រីនិយាយផ្សឹង ចំណែកទាហានអនុវត្តស្រេចតែចិត្តចង់ ពិតណាស់ នៅលើឆាកអន្តរជាតិ ថៃ នឹងកាន់តែបាត់បងកិត្តិយស និងជំនឿទុកចិត្តពីបណ្ដាប្រទេសជាដៃគូរបស់ខ្លួន៕

