កាលពីថ្ងៃទី៩ ខែវិច្ឆិកា នៅក្នុងប្រតិបត្តិដ៏ក្ដៅគគុកមួយ ដែលចូលរួមដោយកងកម្លាំងចម្រុះកម្ពុជា បានសហការគ្នាចុះត្រួតពិនិត្យឆែកឆេរ បំបែកសំបុកក្រុមជនសង្ស័យ នៅទីតាំងកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៏ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam) ហើយឃាត់ខ្លួនបានជនសង្ស័យជាជនបរទេសសរុប ២៦៣នាក់។

ជនបរទេសដែលជាជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់ , បង់ក្លាដេស ២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់) , ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ០១នាក់ ។ ចំណែក វត្ថុតាងដកហូត មានដូចជា កុំព្យូទ័រលើតុ 860 គ្រឿង, ទូរស័ព្ទ 4,129 គ្រឿង, កុំព្យូទ័រយួរដៃ 16 គ្រឿង និងiPad 14 គ្រឿង។
ប្រតិបត្តិការខាងលើនេះ ដឹកនាំធ្វើឡើង ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ , អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវ អ៉ិចគង់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ខាងលើនេះ។

បន្ទាប់ពីការបង្រ្កាបនេះ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ដោយឡែកចំពោះ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរង់ចាំដល់មានបទបញ្ជាថ្មី។

សូមបញ្ជាក់ថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឬ Online Scam សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

