ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសបដិសេធការចោទប្រកាន់ពីភាគីថៃ ដែលអះអាងថា កម្ពុជាបានដាក់គ្រាប់មីនថ្មី បណ្តាលឲ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្រសួងបានសូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនេះ ប៉ុន្តែបញ្ជាក់ថា ការផ្ទុះមីននោះជាបណ្តាសំណល់សង្គ្រាមស៊ីវិល ដែលនៅសល់តាមតំបន់ព្រំដែន មិនមែនជាមីនថ្មីឡើយ។

ក្រសួងការពារជាតិកម្ពុជាបានរំលឹកថា ចាប់តាំងពីកម្ពុជាក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសកម្ពុជាមិនដែលដាក់គ្រាប់មីនឡើយ ហើយតែងតែអនុវត្តតាមកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសាធារណៈ។ ក្រសួងការពារជាតិ ក៏បានអំពាវនាវឲ្យភាគីថៃ ចៀសវៀងការដើរល្បាតចូលតំបន់ចម្ការមីនចាស់ៗ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាតំបន់គ្រោះថ្នាក់ ដើម្បីជៀសវៀងឧបទ្ទវហេតុបន្ថែម និងការបង្កភាពតានតឹងដោយមិនចាំបាច់។

យោងតាមព័ត៌មានពីយោធភូមិភាគទី៤ របស់កម្ពុជា បន្ទាប់ពីហេតុការណ៍កើតឡើង កងកម្លាំងទាំងសងខាងបានធ្វើការទំនាក់ទំនងគ្នា ហើយស្ថានការណ៍នៅតំបន់ព្រំដែនបានស្ថិតក្នុងភាពស្ងប់ស្ងាត់។ ក្រសួងការពារជាតិ បន្តប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយភាគីថៃ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព កម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

Share.