ចំពោះប្រការដែលភាគីថៃបានប្រកាសព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ ឬហៅថា សេចក្ដីប្រកាសរួមស្ដីពីសន្តិភាពដែលមានលោកប្រធានាធិបតី ដូណាល់ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សីដោយផ្ទាល់នោះ ត្រូវបានលោកបណ្ឌិត យ៉ង់ ពៅ យល់ឃើញថា ទំនងជាភាគីថៃមានគម្រោងបញ្ឆេះស្ថានការណ៍ និងបន្តរុញឱ្យផ្ទុះអាវុធនៅតាមព្រំដែន ប៉ុន្តែកម្ពុជាមិនអាចដើរតាមសេនារីយ៉ូរបស់ភាគីថៃបានឡើយ។

លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់អំពីសេនារីយ៉ូថ្មី ដែលភាគីថៃឱ្យកូនទាហានដើរជាន់មីន ដើម្បីជាលែសផ្អាកឬព្យួរការអនុវត្តកិច្ចព្រមព្រៀងនេះ គឺជាការប្រកាសដោយឯកតោភាគីរបស់ថៃ និងជានយោបាយទាល់ច្រករបស់ថៃ ដោយថៃតែងតែព្យាយាមរកលេសជាច្រើន ដើម្បីញុះញង់ឱ្យកម្ពុជាចូលអន្ទាក់ក្នុងការរំលោភបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណា កម្ពុជាបានប្រកាន់ឥរិយាបថនឹងធឹង ព្យាយាមគោរពឱ្យបាននូវកិច្ចព្រមព្រៀង សន្ធិសញ្ញាអន្តរជាតិ ក៏ដូចជាសេចក្ដីប្រកាសរួមនេះផងដែរ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ បញ្ហាដែលរដ្ឋាភិបាលប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃបីនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិត ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ ពោលគឺជាមីនដែលនៅបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយ។

រាជរដ្ឋាភិបាល​កម្ពុជាបានបញ្ជាក់ដែរថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្ដីថ្លែងការណ៍រួម ដែលត្រូវ បានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។

យ៉ាងណាមិញ ផ្អែកតាមសេនារីយ៉ូជាន់មីនដែលភាគីថៃបានបង្កជារឿយៗនេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ទំនងជាភាគីថៃបានមើលឃើញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជាបានដកសព្វាវុធធុនធ្ងន់របស់ខ្លួនចេញពីតំបន់ព្រំដែន ទើបថៃបានចាប់ផ្ដើមរិះរកបង្កើតសេនារីយ៉ូទាហានខ្លួនជាន់មីន ធ្វើយ៉ាងណាដើម្បីខ្លួនមានលេសព្យួរការអនុវត្តកិច្ចព្រមព្រៀង រួចបញ្ឆេះស្ថានការណ៍នៅតាមព្រំដែនជាមួយកម្ពុជាឱ្យកាន់តែតានតឹងឡើង ក្នុងគោលបំណងបន្តរុញឱ្យផ្ទុះអាវុធនិងបង្កសង្គ្រាមសារជាថ្មី ដើម្បីបម្រើដល់មហិច្ឆតាឈ្លានពានទឹកដីកម្ពុជាបន្តទៀត។

ហេតុដូច្នេះហើយ ក្រៅតែពីបង្ហាញឆន្ទៈឥតងាករេចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងចង់បានដំណោះស្រាយដោយសន្តិវិធីនោះ កម្ពុជាក៏ត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់គ្រប់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានជាថ្មីណាមួយពីសំណាក់ភាគីថៃ។

គួររំលឹកថា បើរាប់ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកទល់ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ មានរបាយការណ៍បានចង្អុលបង្ហាញថា កូនទាហានរបស់ភាគីថៃបានដើរជាន់មីនផ្ទុះនៅតាមតំបន់ព្រំដែនចំនួន ៧ លើក ដែលបណ្តាលឱ្យទាហានថៃរងរបួសសរុប ១៨ នាក់ ភាគច្រើននៅតំបន់ក្បែរប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់មុំ ៣ ដែលកម្ពុជាអះអាងថា ជាទីតាំងភូមិសាស្ត្រសល់មីនពីសង្គ្រាម ដោយាមានស្ថានភាពលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន៕

Share.